ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo អាចនឹងមានឱកាសនឹងលេងនៅក្នុងក្របខ័ណ្ឌ UEFA Champions League នៅអឺរ៉ុបឡើងវិញ ទោះជាខ្លួននៅលេងក្នុងក្លឹប Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Marca។
សារព័ត៌មានខាងលើបានឱ្យដឹងថា នៅក្នុងកុងត្រាថ្លៃ រាប់រយលានដុល្លាររវាង Ronaldo និងក្លឹបអារ៉ាប៊ីសាអ៊ូឌីត Ronaldo អាចទៅលេងជាមួយក្លឹបអង់គ្លេស Newcastle United ក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនបើក្លឹបនេះ អាចជាប់លេងនៅក្នុងក្របខ័ណ្ឌ UEFA Champoins League។
ក្លឹប Newcastle នៅក្នុងឆ្នាំនេះកំពុងតែឡើងជើង ដោយនៅពេលនេះក្លឹបនេះកំពុងតែឈរចំណាត់ថ្នាក់លេខ ៣ នៅក្នុងតារាង Premier League។ ប្រសិនបើលទ្ធផលនៅដដែល នោះ Newcastle នឹងឡើងទៅលេងនៅ UEFA Champions League។
មូលហេតុដែល Ronaldo អាចទៅលេងជាកីឡាករខ្ចីជើងនៅ Newcastle បានដោយងាយៗ ក៏ព្រោះតែក្លឹបមួយស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវិនិយោគរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត៕