ក្រោយពីស្ពាយភាពជោគជ័យ ក្នុងនាមជាបេក្ខនារី ជាប់លំដាប់រងទី៥ ក្នុងកម្មវិធី Miss Grand International នៅប្រទេស ឥណ្ឌូណេស៊ី ទើបត្រឡប់មកដល់ ប្រទេសកម្ពុជាវិញ នាដើមខែមករា ឆ្នាំ២០២៣ នេះ ពេជ្រ វត្ដីសារ៉ាវឌ្ឍី ចាប់ផ្ដើមធ្វើសកម្មភាព មនុស្សធម៌នៅក្នុងប្រទេស។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់អតីត Miss Grand Cambodia 2022 ឲ្យដឹងថា ពេលនេះកញ្ញាមាន ឱកាសបន្ដិចបន្ដួច ដើម្បីបង្កើតមូលនិធិសប្បុរសធម៌ ជួយដល់សង្គម តាមរយៈការចែករំលែកក្ដីស្រឡាញ់ និងភាពរីករាយជាមួយក្មេងៗ សិស្សសាលា។
ពេជ្រ វត្ដីសារ៉ាវឌ្ឍី ក៏អំពាវនាវ ឲ្យមានការចូលរួមពីសប្បុរសជនទូទៅ ជាពិសេសអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយបានដាក់លេខ និងឈ្មោះគណនីធនាគារ សម្រាប់សកម្មភាពចូលរួមបរិច្ចាគ ។ តាមគម្រោង កញ្ញា នឹងចុះចែកសម្ភារៈសិក្សា និងញ៉ាំអាហារជុំគ្នាជាមួយក្មេងៗ សិស្សសាលាជាច្រើននាក់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ប៉ុន្ដែកញ្ញាមិនទាន់បានបញ្ជាក់ នៅសាលាមួយណានៅឡើយទេ ៕