គៀវ ៖ ប្រទេសរុស្ស៊ីបានអះអាងថា យោធារបស់ខ្លួនបានធ្វើ “ការវាយប្រហារសងសឹក ” ដ៏សាហាវទៅលើបន្ទាយ ដែលប្រើប្រាស់ ដោយទាហានអ៊ុយក្រែន នៅក្នុងតំបន់ដុនបាស ខណៈដែលអ៊ុយក្រែន បានបដិសេធថា មិនមានអ្នកស្លាប់ នៅក្នុងការវាយប្រហារនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា មីស៊ីលបានវាយប្រហារមូលដ្ឋាន បណ្ដោះអាសន្នចំនួនពីរ ដែលមានទាហានអ៊ុយក្រែនចំនួន ១៣០០នាក់នៅទីក្រុង Kramatorsk ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ។ ប្រភពបានឲ្យដឹងថា “ទាហានអ៊ុយក្រែនជាង ៦០០នាក់ត្រូវបានសម្លាប់” ជាលទ្ធផលនៃអ្វីដែលពួកគេហៅថា “ការវាយប្រហារសងសឹក” លើទាហានអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួង Igor Konashenkov បានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅក្នុងការសងសឹក បន្ទាប់ពីអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី រាប់សិបនាក់នៅក្នុងការ វាយប្រហារលើ Makiivka កាលពីសប្តាហ៍មុន។
មន្ត្រីអ៊ុយក្រែនបានបដិសេធថា មិនមានអ្នករងរបួស ក្នុងការវាយប្រហាររុស្ស៊ីលើក្រុង Kramatorsk នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ី ។
នៅក្នុងនោះដែរ លោក Serhiy Cherevaty អ្នកនាំពាក្យរបស់កងកម្លាំងអ៊ុយក្រែន នៅភាគខាងកើតបានឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីលើ Kramatorsk បានត្រឹមតែបំផ្លាញហេដ្ឋារចនា សម្ព័ន្ធស៊ីវិលតែប៉ុណ្ណោះ៕