ព័ត៌មានអន្តរជាតិ

Met Office ៖ សីតុណ្ហភាពប្រចាំឆ្នាំ ជាមធ្យមរបស់អង់គ្លេស នៅឆ្នាំ ២០២២ លើសពី១០អងស្សាសេ ជាលើកដំបូង

អង់គ្លេស ៖ អ្នកវិទ្យាសាស្ត្រ Met Office របស់ចក្រភពអង់គ្លេសបានព្រមានថា ឆ្នាំដ៏ក្តៅគគុកបែបនេះ ទំនងជានឹងកើតឡើងរៀងរាល់ ៣ ទៅ ៤ ឆ្នាំម្តង ខណៈវានឹងកើតឡើង ម្តង ក្នុងរយៈពេល ៥០០ ឆ្នាំ ប្រសិនបើមនុស្ស មិនមានការបំពុល និងធ្វើឲ្យអាកាសធាតុក្តៅ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

Met Office បាននិយាយថា ចក្រភពអង់គ្លេសបានកត់ត្រា សីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមលើសពី ១០អងស្សាសេជាលើកដំបូង។ សីតុណ្ហភាពជាមធ្យម នៅទូទាំង ១២ ខែនៃឆ្នាំ ២០២២គឺ ១០.០៣ អងស្សាសេ ដែលលើសពីកម្រិតខ្ពស់បំផុតពីមុនគឺ ៩.៨៨អងស្សាសេកាលឆ្នាំ ២០១៤។ សេវាកម្មអាកាសធាតុជាតិក៏បាននិយាយថា ឆ្នាំ២០២២ គឺជាឆ្នាំដែលក្តៅបំផុត ក្នុងកំណត់ត្រារបស់ប្រទេស ដោយបញ្ជាក់ពីតួលេខបណ្តោះអាសន្នថា ឆ្នាំនេះនឹងបង្កើតកំណត់ត្រាថ្មីមួយ ។

សីតុណ្ហភាពក្តៅពេញមួយឆ្នាំ បានជំរុញឲ្យមានគ្រោះ រាំងស្ងួតអូសបន្លាយ គំរាមកំហែងដល់ដំណាំ និងបានជំរុញឲ្យមនុស្សរាប់រយនាក់ស្លាប់។ លោកវេជ្ជបណ្ឌិត Nikos Christidis បាននិយាយថា សីតុណ្ហភាពជាមធ្យម របស់ចក្រភពអង់គ្លេស ១០ អង្សាសេ អាចកើតឡើងស្ទើរតែរៀងរាល់ឆ្នាំ នៅចុងសតវត្សន៍នេះ ប្រសិនបើភពផែនដីឡើង កម្ដៅប្រហែល ២.៧អង្សាសេ ដូចការព្យាករណ៍នាពេលបច្ចុប្បន្ន ៕ដោយ៖លី ភីលីព

Most Popular

To Top