សិល្បៈ និង កម្សាន្ត

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ជាង១ពាន់ដុល្លារ ជូនជីដូនម្នាក់ ដែលស្កាត់ពីសៀមរាប មកជួបលោកឧកញ៉ា ដល់ក្រុងព្រះសីហនុ

ព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាជូនជីដូនមួយរូប ដែលជិះរថយន្តមកពីសៀមរាប ស្កាត់មករកជួបលោកឧកញ៉ាដោយផ្ទាល់​ នៅក្រុងព្រះសីហនុ កាលពីថ្ងៃ១០ ខែមករា ឆ្នាំ២០២៣ ដើម្បីសុំឲ្យលោកឧកញ៉ាជួយ ដោយសារក្នុងគ្រួសាររបស់លោកយាយ មានធុរៈត្រូវដោះស្រាយ ។

តាមការលើកឡើងរបស់លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ជីដូនមកនេះ​គឺស្នើសុំកង់មួយគ្រឿង ​ឲ្យចៅរបស់គាត់ ដើម្បីដោះស្រាយទុក្ខធុរៈ ហើយឮដំណឹងថា លោកឧកញ៉ា នឹងមានការជួបជុំបុគ្គលិកក្រុមហ៊ុនដោយផ្ទាល់ នៅក្រុងព្រះសីហនុនោះ គាត់ក៏ស្កាត់ពីខេត្តសៀមរាប​ មករង់ចាំជួបដើម្បីស្នើសុំ ឲ្យលោកឧកញ៉ាជួយ ។

ក្រោយស្តាប់ការរៀបរាប់របស់ជីដូនរូបនេះ ដោយការអាណិតអាសូរ លោកឧកញ៉ាទៀ វិចិត្រ ក៏បានឧបត្ថម្ភថវិកាសរុបចំនួន ១៣០០ដុល្លារ ក្នុងនោះ ១២០០ដុល្លារ សម្រាប់ទិញកង់ និង១០០ដុល្លារទៀត ជូនជីដូនថ្លៃធ្វើដំណើរត្រឡប់ទៅខេត្តសៀមរាបវិញ។

បន្ទាប់ពីទទួលបានជំនួយនេះ ជីដូនបានលើកដៃសំពះ បួងសួងទេវតា ឲ្យជួយបីបាច់ថែរក្សាលោកឧកញ៉ា ទៀ វិចិត្រនិងគ្រួសារ ជាមួយនិងសេចក្តីថ្លែងអំណរគុណ ពីការឧបត្ថម្ភ ដល់គ្រួសារជីដូន​ ដែលមានធុរៈនេះ៕

Most Popular

To Top