ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន រំពឹងថា នឹងទទួលបានអាវុធធុនធ្ងន់ជាច្រើន ពីបណ្តាសមាជិកអង្គការ NATO

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា ក្រុង គៀវ អាចរំពឹងថានឹងមានការដឹកជញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀតពីបណ្តាប្រទេសលោកខាងលិចក្នុងពេលឆាប់ៗនេះ ។ អង្គការ NATO បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ខណៈដែលប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន បានកើតសរសើរដល់កងកម្លាំងរបស់គាត់បន្ទាប់ពីការអះអាងរបស់ពួកគេវាយដណ្តើមបានទីក្រុងមួយរបស់ប្រទេសអ៊ុយក្រែន ។

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើប្លុកប៉មមួយក្នុងទីក្រុង Dnipro ភាគខាងកើតបានកើនឡើងម្តងទៀតហើយ ដោយលើកនេះបានកើនឡើងដល់៣០នាក់ហើយ ។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានថ្លែងថា អ៊ុយក្រែន អាចរំពឹងថានឹងមានអាវុធធុនធ្ងន់បន្ថែមទៀត បន្ទាប់ពីសំណើរបស់ក្រុង គៀវ ទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់យានជំនិះ កាំភ្លើងធំ និងមីស៊ីល ដែលខ្លួនបានលើកឡើងថា ជាគន្លឹះក្នុងការការពារខ្លួន ។

លោក Stoltenberg បានប្រាប់ដល់កាសែត Handelsblatt ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ថា “ការសន្យានាពេលថ្មីៗនេះសម្រាប់ឧបករណ៍សង្គ្រាមធុនធ្ងន់គឺមានសារៈសំខាន់ ហើយខ្ញុំរំពឹងថា នឹងមានច្រើនទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។

នៅប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានអះអាងថាបានយកក្រុង Soledar នៅភាគខាងកើតអ៊ុយក្រែនដែលជាកន្លែងរុករករ៉ែអំបិលដែលមានអ្នករស់នៅដល់ទៅ១០.០០០នាក់ នៅមុនពេលជម្លោះ លោក ពូទីន បានសាទរថា វាជាជោគជ័យដ៏សំខាន់មួយ ។

លោក ពូទីន បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា “មានភាពស្វាហាប់វិជ្ជមាន អ្វីគ្រប់យ៉ាងកំពុងអភិវឌ្ឍទៅតាមផែនការ” ។ “ខ្ញុំសង្ឃឹមថា អ្នកប្រយុទ្ធរបស់យើងនឹងផ្គាប់ចិត្តយើងជាថ្មីម្តងទៀត” ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសប្តាហ៍នេះថា ខ្លួនបាន “បញ្ចប់ការរំដោះ” ក្រុង Soledar ៕សម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top