លោក Duy Trần ដែលជាជាងចម្លាក់ឈើដ៏មានទេពកោសល្យម្នាក់នៅក្នុងប្រទេសវៀតណាម កំពុងទទួលបានប្រជាប្រិយភាព លើបណ្ដាញសង្គមក្រោយរូបគេមានគំនិតច្នៃប្រឌិតខ្ពស់ បន្ថែមពីទេពកោសល្យ និងភាពប៉ិនប្រសប់ដែលជាងឈើជាទូទៅនៅក្នុងប្រទេសវៀតណាម។
ការងារចម្លាក់ឈើ គឺជានិស្ស័យរបស់ Duy តាំងពីកំណើតមក ដូច្នេះទើបយុវជនអាយុ ២២ឆ្នាំរូបនេះចំណាយពេលវេលាមិនចេះធុញថប់ជាមួយការងារឈើជាច្រើនម៉ោងក្នុង១ថ្ងៃៗ ដោយមិនចំណាយពេលចេញទៅដើរលេងខាងក្រៅដូចក្មេងប្រុសដទៃ។ ការឆ្លាក់លម្អិតដ៏អស្ចារ្យ ដែលធ្វើឲ្យ Duy ទទួលបានការសរសើរមានដូចជាចម្លាក់ Iron Man និងតួអង្គតុក្កតាដូចជា Goku និង Doraemon បានក្លាយជាការប្រធានបទពេញនិយមនៅលើអ៊ីនធឺណិត។
ឪពុករបស់គេឈ្មោះ Thu Tran គឺជាជាងឈើបែបប្រពៃណីដ៏ល្បីល្បាញនៅក្នុងភូមិតូចមួយនៅខាងក្រៅទីក្រុង Hoi An ។ លោកជាមនុស្សតែម្នាក់គត់ដែលបានចាកចេញពីភូមិដើម្បីសិក្សាលើជំនាញសិប្បកម្ម។ ក្រោយរយៈពេល ២៥ឆ្នាំ Thu Tran បានបង្កើតជាសិប្បកម្ម និងមានកូនសិស្សប្រមាណ ១០០នាក់។ លោកបានបង្កើតអាជីវកម្មដ៏ជោគជ័យមួយដែលមានឈ្មោះថា Woodart Vietnam មានផលិតផលជាច្រើនដូចជា ចម្លាក់ឈើសម្រាប់ព្យួរលម្អលើជញ្ជាំង ក៏ដូចជារូបចម្លាក់ធំៗជាច្រើន។
ដោយឡែក Duy ជាកូនប្រហែលជាមិនបានដើរតាមគន្លងរបស់ឪពុកទាំងស្រុងទេ តែរូបគេទទួលត្រឹមចំណង់ចំណូលចិត្តពីឪពុកចំពោះសិល្បៈ ហើយបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ គេក៏បានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យសិល្បៈនៅទីក្រុង Hue ។ ១ខែក្រោយមក គាត់ដឹងថា Duy មិនចូលចិត្តការគូររូបពេញមួយថ្ងៃ ទើបឈប់រៀន ហើយត្រឡប់ទៅផ្ទះវិញ។ ដោយគ្មានអ្វីដែលត្រូវធ្វើ ប៉ុន្តែដោយដឹងថាខ្លួនត្រូវរៀនអ្វីមួយ រូបគេក៏សម្រេចចិត្តចូលរួមជាមួយឪពុក ប្រកបរបរសិប្បកម្ម។
Duy បានរៀនពីរបៀបយកបន្ទះឈើធំៗដែលនាំចូលពីបរទេស ហើយបន្ទាប់មកបង្កើតជាគ្រោង យកទៅកែលម្អយ៉ាងយកចិត្តទុកដាក់ដោយប្រើឧបករណ៍ ឆ្លាក់ដោយដៃ។ Duy សារភាពថាគេមិនចាប់អារម្មណ៍នឹងរូបចម្លាក់ទាំងនោះទេ ដោយសារបំណែកឈើធំៗមានទម្ងន់ធ្ងន់ពេក។ វាជាការងារដ៏លំបាក លំបាក ហើយរូបសំណាកធំៗអាចចំណាយពេលពីរទៅបីខែដើម្បីបញ្ចប់។
ដោយចេះប្រើប្រាស់អ៊ីនធឺណិត Duy បានរៀនពីទីផ្សារ ការបង្កើតវីដេអូលើអ៊ិនធឺណិត លើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការបង្កើតមាតិការផ្សេងៗ។ នៅទីបំផុត គេបានបង្ហោះវីដេអូរបស់សិប្បកម្មដើម្បីបង្ហាញអ្នកផ្សេងទៀតពីរបៀបឆ្លាក់ជាដើម។ នៅសម័យមុនជំងឺកូវីដរាតត្បាត ដើម្បីបង្កើនជំនាញភាសាអង់គ្លេស Duy ថែមទាំងបានប្រែក្លាយផ្ទះគ្រួសាររបស់គេទៅជាកន្លែងស្នាក់នៅ រែដោយឥតគិតថ្លៃសម្រាប់ជនបរទេសដែលមកលេងទីក្រុង Hoi An ធ្វើដូច្នេះ Duy អាចនិយាយបន្ថែមទៀតជាមួយជនជាតិដើមបរទេស។
ថ្ងៃមួយ Duy សម្រេចចិត្តថាគេចង់រៀនពីរបៀបធ្វើរូបចម្លាក់ ដោយចាប់ផ្តើមសាមញ្ញជាមួយចម្លាក់ សត្វក្តាន់ ត្រី ដើមឈើ ហើយបន្ទាប់មក គឺការឆ្លាក់តួអង្គល្បីៗក្នុងខ្សែភាពយន្ត និងតុក្កតាដូចជា Goku, manga, Dragon Ball ។ នៅលើទំព័រ YouTube ការបង្ហោះរូបចម្លាក់ Iron Man របស់គេទទួលបានការមើលលើសពី ១សែនដង ពីសំណាក់មនុស្សទូទាំងពិភពលោក និងមានអ្នកខ្លះសុំទិញថែមទៀត។
ចំណាប់អារម្មណ៍បែបនេះ បានបង្ខំឱ្យ Duy ឆ្លាក់រូបចម្លាក់បន្ថែមទៀតដោយផ្អែកលើអ្វីដែលគាត់ចូលចិត្តដូចជា៖ គំនូរជីវចល តុក្កតា។ មនុស្សទូទាំងពិភពលោកដែលឃើញ សុទ្ធតែចង់ទិញ ដូច្នេះ Duy ត្រូវរៀនអំពីការដឹកជញ្ជូនទៅបរទេស ដំណើរការទូទាត់ និងទំនាក់ទំនងជាមួយអតិថិជនតាមអ៊ីនធឺណិត។ ការបញ្ជាទិញកាន់តែច្រើន ការផលិតរបស់សិប្បកម្មឪពុករបស់គេក៏កាន់តែកើនឡើង ពីទីផ្សារវៀតណាមរហូតដល់ជុំវិញពិភពលោក។
Duy កត់សម្គាល់ថា៖ “ប៉ារបស់ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះខ្ញុំបាននាំចម្លាក់នៅសិប្បកម្មយើង ទៅជួបអតិថិជនថ្មី”។ ចំពោះអ្វីដែលជាគោលដៅបន្ទាប់គឺ Duy បាននិយាយថា “ខ្ញុំចង់បង្កើតតួអង្គដោយខ្លួនឯង… មិនមែន manga, superhero ទេ ប៉ុន្តែជាស្នាដៃរបស់ខ្ញុំ”។ ទោះយ៉ាងណាក៏ Duy មិនមានគម្រោងចាកចេញពីភូមិកំណើតរបស់គេឡើយ។
ការងាររបស់ Duy គឺពិតជាបំផុសគំនិត ពីយុវជនដែលផ្លាស់ប្ដូរពីការលក់បែបប្រពៃណីរបស់ឪពុកទៅជា សិប្បកម្មចម្លាក់ឈើដែលអាចនាំទៅលក់លើទីផ្សារអន្តរជាតិ ដោយប្រើប្រាស់ជំនួយពីបច្ចេកវិទ្យាបច្ចុប្បន្ន។ សិប្បកម្មឈើរបស់ Duy មិនត្រឹមបានចំណូលក្នុងស្រុក ក្រៅស្រុក និង Youtube ប៉ុណ្ណោះទេតែថែមទាំងទទួលបានភាពល្បីល្បាញនៅលើបណ្ដាញសង្គមរបស់ប្រទេសវៀតណាមទៀតផង៕
Source: Sabay