ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉ារីស ក្នុងអំឡុងការប្រារព្ធខួបលើកទី៦០ នៃការផ្សះផ្សាបារាំង និងអាល្លឺម៉ង់ រួមគ្នាថា បារាំង និងអាល្លឺម៉ង់ គួរតែរួមគ្នាក្លាយជា “អ្នកត្រួសត្រាយ” ក្នុងការស្តារឡើងវិញនូវតំបន់អឺរ៉ុប ។
លោក Macron បានចង្អុលបង្ហាញថា កិច្ចការទី១របស់ប្រទេសទាំង២ ក្នុងនាមជាអ្នកត្រួសត្រាយ គួរតែរួមគ្នាកសាងគំរូថាមពលថ្មីមួយ លើសពីភាពខុសគ្នារបស់ពួកគេ ។
លោកបានកត់សម្គាល់ថា “យើងត្រូវតែលើកទឹកចិត្ត និងបង្កើនល្បឿន នៅកម្រិតអឺរ៉ុប ការវិនិយោគសាធារណៈ និងឯកជនចាំបាច់ សម្រាប់ការផ្លាស់ប្តូរ អេកូឡូស៊ី “ដោយបានបន្ថែមថា សម្ព័ន្ធមិត្តទាំង២ត្រូវតែបញ្ចប់ការធ្វើពិពិធកម្មប្រភព របស់ពួកគេ និងលើកទឹកចិត្ត ដល់ការផលិត ថាមពលគ្មានកាបូននៅក្នុងទ្វីបអឺរ៉ុប ។
លោក Macron បានថ្លែងថា ប្រទេសទាំង២ ក៏គួរតែជាអ្នកត្រួសត្រាយផ្លូវ សម្រាប់ការច្នៃប្រឌិត និងបច្ចេកវិជ្ជានៃថ្ងៃស្អែកផងដែរ ដើម្បីកសាងភាពរុងរឿង ខាងអេកូឡូស៊ី និងសង្គមដែលបង្រួបបង្រួមបារាំង និងអាល្លឺម៉ង់ ។
លោក Macron បានដាក់ចេញ នូវយុទ្ធសាស្ត្រឧស្សាហកម្មអ៊ឺរ៉ុប ដែលមានមហិច្ឆតា “Made In Europe 2030” ដែលគាត់បានថ្លែងថា នឹងធ្វើឱ្យអឺរ៉ុបក្លាយជាជើងឯក នៃបច្ចេកវិទ្យាថ្មី និងបញ្ញាសិប្បនិម្មិត ។
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានថ្លែងថា អនាគតរបស់អឺរ៉ុបពឹងផ្អែកលើ “កម្លាំងជំរុញ” របស់អាល្លឺម៉ង់ និងបារាំង ។
លោកបានថ្លែងក្នុងពិធីនោះថា “ក្បាលម៉ាស៊ីនអាល្លឺម៉ង់-បារាំង គឺជាក្បាលម៉ាស៊ីន សម្រាប់សម្រុះសម្រួលគ្នា ស៊ីប្រេងល្អ ប៉ុន្តែពីពេលមួយទៅមួយក៏ឮខ្លាំង និងសម្គាល់ដោយ ការខិតខំប្រឹងប្រែង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា