ព័ត៌មានអន្តរជាតិ

Nissan ប្រមូលរថយន្តចំនួន ៥២០,០០០គ្រឿងមកវិញ ដោយសារបញ្ហាផ្នែកម៉ាស៊ីន

តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Nissan Motor Co បានដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាលជប៉ុន ក្នុងការប្រមូលរថយន្តជាង ៥២០,០០០ គ្រឿង រួមទាំងរថយន្តម៉ាក Suzuki ផងដែរ ដោយសារកំហុសផ្នែកម៉ាស៊ីនអគ្គិសនី អាចបណ្តាលឲ្យពួកគេឆេះ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន កំពុងប្រមូលរថយន្តសរុបចំនួន ៥២៧,៤៩១ គ្រឿងនៃរថយន្តស្ព័រ X-Trail និង Serena Minivan ក៏ដូចជារថយន្ត Landy minivan ដែលផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Suzuki Motor Corp ។ Nissan បានទទួលរបាយការណ៍សរុបចំនួន ៣,៩៦៣គ្រឿង អំពីបញ្ហាបណ្តាលមកពីម៉ូទ័រអេឡិចត្រិចមានកំហុស ក្នុងប្រព័ន្ធ “Idling Stop” របស់រថយន្តជាមុខងារមួយដែលអាចបិទម៉ាស៊ីន ដោយស្វ័យប្រវត្តិនៅពេលនៅស្ថានី។

ក្រសួងបានបន្តថា មានឧប្បត្តិហេតុចំនួន ៥ រថយន្តបានឆេះ និង ៦ ករណីដែលរថយន្តបានឆេះមួយផ្នែក។ក្នុងចំណោមរថយន្តទទួលរងការប្រមូលមកវិញនោះ រថយន្តចំនួន ២៧៧,៤៦១ គ្រឿងផលិតនៅចន្លោះខែកញ្ញា ឆ្នាំ ២០១០ ដល់ខែមិថុនា ឆ្នាំ ២០១៧ អាចនឹងឆេះក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតមួយ។

ក្រសួងបានឲ្យដឹងថា រថយន្តដែលរងការប៉ះទង្គិចនោះ ប្រដាប់ទ្រនាប់នៅក្នុងម៉ូទ័រអគ្គិសនីមិនបានផ្សាភ្ជាប់ឲ្យបានត្រឹមត្រូវទេ ដែលធ្វើឲ្យមានភាពកខ្វក់ និងសារធាតុផ្សេងៗ។ ទោះបីជារថយន្តដែលនៅសល់ចំនួន ២៥០,០២៩ គ្រឿងដែលផលិតពីខែមិថុនា ឆ្នាំ ២០១២ ដល់ខែមិថុនា ឆ្នាំ ២០១៦ មិនមានហានិភ័យនៃការឆាបឆេះក៏ដោយ ក៏ម៉ាស៊ីនអាចនឹងជាប់គាំង៕ ដោយ៖លី ភីលីព

Most Popular

To Top