ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង របស់ឥណ្ឌា២គ្រឿង ប្រហែលបុកគ្នា នៅលើអាកាស ពេលកំពុងហ្វឹកហាត់ បណ្តាលឱ្យពិឡុតម្នាក់ស្លាប់

បរទេស ៖ អាជ្ញាធរយោធា និង ស៊ីវិលបាននិយាយថា យន្តហោះចម្បាំងពីរ គ្រឿង បានធ្លាក់ក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់ នៅភាគកណ្តាលប្រទេស ឥណ្ឌាកាលពីព្រឹកថ្ងៃសៅរ៍ ។ អាកាសយានិកម្នាក់ ក៏បានស្លាប់ផងដែរ នៅក្នុងឧបទ្ទវហេតុនេះ , នេះបើយោងតាមកងកម្លាំង អាកាសឥណ្ឌា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរដ្ឋាភិបាលក្នុងរដ្ឋរបស់ឥណ្ឌាលោក Shivraj Singh Chouhan បានសរសេរនៅលើ Twitter ថា យន្តហោះចម្បាំងផលិត ដោយរុស្ស៊ី Sukhoi Su-30 និងយន្តហោះចម្បាំង French Mirage 2000 ផលិតដោយបារាំង បានធ្លាក់ នៅតំបន់ Morena ក្នុងរដ្ឋ Madhya Pradesh ។ ក្រោយមកវាត្រូវបានគេប្រកាសថា កម្ទេចកម្ទីពីយន្តហោះមួយ ត្រូវបានរកឃើញនៅ Madhya Pradesh ហើយមួយទៀតបានធ្លាក់មកដីនៅរដ្ឋ Rajasthan ក្បែរនោះ។

វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញ ពីសំណល់នៃយន្តហោះ និងការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងធ្លាក់យន្តហោះ។

យោងតាមរបាយការណ៍ យន្តហោះទាំងនោះបានហោះ ចេញពីមូលដ្ឋានអាកាស Gwalior ក្នុងរដ្ឋ Madhya Pradesh សម្រាប់សមយុទ្ធ ដែលបានគ្រោងទុក ។ ទំនាក់ទំនង​ជាមួយ​យន្តហោះ​ ត្រូវ​បាន​គេ​និយាយ​ថា​បាន​បាត់​នៅ​ម៉ោង​ប្រហែល ៥ និង ៣០ នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក។

មានការរំពឹងទុកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថា យន្តហោះទាំងពីរប្រហែលជាបានបុកគ្នានៅកណ្តាលអាកាស។ យ៉ាង​ណា​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​អធិប្បាយ​ជា​ផ្លូវ​ការ​អំពី​មូលហេតុ ​នៃ​ឧបទ្ទវហេតុ​នេះ​ទេ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top