បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការឆ្លើយតបទៅវិញ ចំពោះការសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់រថក្រោះធុនធ្ងន់ជាច្រើន ពីសំណាក់បណ្តាប្រទេសលោកខាងលិច ទៅឲ្យអ៊ុយក្រែន ដោយក្នុងនោះក៏បានព្រមានដែរថា រដ្ឋាភិបាលក្រុងមូស្គូ នឹងធ្វើការឆ្លើយតបទៅវិញ ឲ្យលើសពីយានយន្តបែបយោធាទាំងនោះ។
សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីរូបនេះបានធ្វើឡើង នៅក្នុងពេលដែលប្រទេសរុស្សី កំពុងរៀបចំព្រឹត្តិការណ៍ខួបលើទី៨០ នៃជ័យជំនះរបស់ខ្លួន នៅក្នុងសង្គ្រាម Battle of Stalingrad។
លោកបានថ្លែងបែបនេះថា៖ ពិតជាមិនគួរឲ្យជឿទាល់តែសោះប៉ុន្តែជាការពិតពីព្រោះថា ពេលនេះយើងកំពុងរងការគម្រាមកំហែងសាជាថ្មី ដោយរថក្រោះរបស់ប្រទេសអាល្លឺម៉ង់ ហើយសាជាថ្មីម្តងទៀត គឺជាសង្គ្រាមប្រឆាំងរុស្សី នៅក្នុងប្រទេសអ៊ុយក្រែន ដោយមានការជួយជ្រោមជ្រែង ដោយក្រុមអ្នកដើរតាមក្រុមរបស់ ហ៊ីត្លែរ ។
រំលឹកដែរថាកាលពីសប្តាហ៍មុន រដ្ឋាភិបាលក្រុងប៊ែរឡាំង បានផ្លាស់ប្តូរជំហរបស់ខ្លួន ក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ចំនួន១៤គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ហើយក៏បានអនុញ្ញាតិ ឲ្យបណ្តាប្រទេសផ្សេងទៀត ដែលមានរថក្រោះប្រភេទនេះអាចមានសិទ្ធក្នុងការជួយផ្គត់ផ្គង់ ទៅឲ្យអ៊ុយក្រែន បានដូចគ្នាផងដែរ៕ ប្រែសម្រួល៖ស៊ុនលី