បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់ ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន និងអនុញ្ញាតឱ្យទីក្រុងគៀវ ប្រើប្រាស់មីស៊ីល ទាំងនោះតាមឆន្ទៈ អាចនាំទៅរកការកើនឡើងភាពតានតឹងបន្ថែមទៀត។ លោកបន្ថែមថា អាមេរិកហាក់មិនចង់ឲ្យជម្លោះអ៊ុយក្រែនបញ្ចប់នោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយអ្នក កាសែតរុស្ស៊ី Nadana Fridrikhson លោក Medvedev បានបដិសេធថា ការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំង នឹងឧបទ្វីប Crimean នឹងបង្ខំទីក្រុងម៉ូស្គូចូលតុចរចា។ លោកអះអាងថា “លទ្ធផលពិត នឹងផ្ទុយពីនេះ។ វានឹងមិនមានការពិភាក្សាក្នុងករណីបែបនេះទេ។ វានឹងមានតែការវាយប្រហារសងសឹកតែប៉ុណ្ណោះ»។
លោក Medvedev បានទទូចថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចង់បានសន្តិភាពក្នុងប្រទេសអ៊ុយក្រែន វាអាចគ្រាន់តែជំរុញ ទីក្រុងគៀវ ឱ្យចូលរួមកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden និង “ជនដែលចូលចិត្ត” នៅក្នុងសភាគឺ “មិនចាប់អារម្មណ៍នឹងវាទេ” ។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានព្រមានថា រុស្ស៊ីអាច “សងសឹកតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន” ប្រសិនបើកងកម្លាំងអ៊ុយក្រែនវាយប្រហារគោលដៅនៅ Crimea ឬជ្រៅនៅក្នុងទឹកដីរុស្ស៊ី។ លោកបានទទូចថា “យើងមិនកំណត់ដែនកំណត់ណាមួយអាស្រ័យលើលក្ខណៈនៃការគំរាមកំហែងនោះទេ ហើយយើងបាន ត្រៀមខ្លួន រួចជាស្រេចក្នុងការប្រើប្រាស់សព្វាវុធគ្រប់ប្រភេទ” ដោយបន្ថែមថា រុស្ស៊ីនឹងត្រូវបានដឹកនាំ ដោយគោលលទ្ធិរបស់ ខ្លួនតែប៉ុណ្ណោះ រួមទាំងពិធីការនុយក្លេអ៊ែរផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា