ក្នុងពេលលក់ផលិតផល ឧបករណ៍អេឡិចត្រូនិច ស្ទើរតែគ្រប់មុខទៅហើយនោះ ក្រុមហ៊ុនចិន Xiaomi ចង់លោតចូលទីផ្សាររថយន្តក្នុងចំណោមក្រុមហ៊ុនរថយន្តធំៗទៀតផងដែរ ។
លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយថា មហិច្ឆតារបស់ក្រុមហ៊ុន នាពេលអនាគត គឺចូលរួមក្នុងការផលិតរថយន្ត ហើយចង់បានតំណែង ជាក្រុមហ៊ុនរថយន្តធំមួយក្នុងចំណោម Top 5 ទៀតផងក្នុងរយៈពេល ២០ឆ្នាំក្រោយ។
ការលើកឡើងនេះ វាហាក់ដូចជាបង្ហាញសុទិដ្ឋិនិយមខ្លាំងពេក ប៉ុន្តែលោកអះអាងថា ការរីកដុះដាលយ៉ាងឆាប់ រហ័សនៃរថយន្តអគ្គិសនីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វាបានធ្វើឱ្យក្រុមហ៊ុនខ្លះត្រូវចុះចាញ់សង្គ្រាមទីផ្សារនេះ ដូច្នេះវាក៏សល់កន្លែងទំនេរសម្រាប់ Xiaomi ដែលអាចបំពេញតាមតម្រូវការរថយន្តបាន។
យ៉ាងណាមិញ លោក Lei Jun បានសារភាពថា ការបញ្ចេញរថយន្តរបស់ Xiaomi គឺដើរក្រោយគេ ប្រមាណ ៦ ទៅ ៧ឆ្នាំឯណោះ ក្នុងការប្រកួតប្រជែងនៅប្រទេសចិន។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះ នឹងបញ្ចេញរថយន្តដំបូងរបស់ខ្លួន នៅឆ្នាំ២០២៤ ឱ្យបាន ដោយខ្លួនមានជំនាញលើ Software និង User experience ដូច្នេះនឹងអាចតាមទាន់គូប្រជែង បានយ៉ាងឆាប់រហ័ស ។
កាលពីឆ្នាំមុន Xiaomi បានទាក់ទាញការវិនិយោគប្រមាណ ៤៣៩លានដុល្លារ ក្នុងនោះមនុស្សជាង ២៣០០នាក់ និងរថយន្តទីមួយរបស់ក្រុមហ៊ុននេះ បានឈានដល់ដំណាក់ កាលសាកល្បងរួចស្រេចទៅហើយ៕