បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីប្រភពថា សហរដ្ឋអាមេរិកអាចផ្តល់ឱ្យអ៊ុយក្រែន នូវយន្តហោះចម្បាំងទំនើប ឬយ៉ាងហោចណាស់ក៏យល់ព្រម លើការផ្ទេរយន្តហោះចម្បាំងនេះ ពីប្រទេសផ្សេងៗទៀតផងដែរ។
ការសម្រេចចិត្តនេះអាចកើតមានឡើង បើទោះជាប្រធានាធិបតីអាមេរិក លោក Joe Biden ថ្មីៗនេះបានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ទីក្រុងគៀវក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក ដែលបានដកស្រង់នៅក្នុងរបាយការណ៍នោះ ពួកគេ “ទំនងជាផ្តល់ឱ្យអ៊ុយក្រែន នូវថាមពលអាកាសដ៏ទំនើបជាងមុន នៅពេលដែលសង្រ្គាមកំពុងអូសបន្លាយ” ។ ដំណោះស្រាយដែលអាចកើតមានមួយទៀតគឺ អាមេរិកបើកភ្លើងខៀវ ឱ្យមានការនាំចេញឡើងវិញ នូវយន្តហោះ F-16 ទៅកាន់អ៊ុយក្រែនពីប្រទេសផ្សេងៗ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា បញ្ហានៃការបញ្ជូនយន្តហោះ នឹងត្រូវពិភាក្សាក្នុងអំឡុងកិច្ចប្រជុំ របស់រដ្ឋមន្ត្រីការពារជាតិណាតូ នៅថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សពីរនាក់ដែលដឹងពីបញ្ហានេះក៏បានប្រាប់ FT ថា ការបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីក្រុងគៀវ គឺជា “គោលបំណងរយៈពេលវែង” ដែលវាមានសារៈសំខាន់តិចជាងការផ្តល់គ្រាប់រំសេវទៅទៀត។
មន្ត្រីអាមេរិកម្នាក់បានបន្ទរលើទស្សនៈនោះ ដោយពណ៌នាអំពីយន្តហោះចម្បាំងថា “មិនសូវសំខាន់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ” ខណៈសង្កត់ធ្ងន់ថា លោកខាងលិចឥឡូវនេះ ត្រូវផ្តោតលើការជំរុញការការពារដែនអាកាស របស់អ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា