នៅថ្ងៃទី ១៤ ខែកុម្ភៈមានសេចក្ដីរាយការណ៍ថា ព្រះរាជអាជ្ញានឹងធ្វើការស៊ើបអង្កេតទៅលើ Park Min Young ក្នុងករណី ដែលនាងជាប់ពាក់ព័ន្ធជាមួយនឹងអតីតសង្សារ Kang Jong Hyun។ បុរសម្នាក់នេះ ត្រូវបានចោទពីបទឧក្រិដ្ឋហរិញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរ ដូចជាការកេងបន្លំ និងប្រើល្បិចលើទីផ្សារភាគហ៊ុនជាដើម។
បើតាមសេចក្ដីរាយការណ៍ បើងាកមក Park Min Young វិញ បានបដិសេធរាល់ការជាប់ពាក់ព័ន្ធក្នុងករណីខុសច្បាប់ ទាំងឡាយរបស់អតីតគូស្នេហ៍ ប៉ុន្តែព្រះរាជអាជ្ញាបានរកឃើញភស្តុតាងរបស់ Kang Jong Hyun ដោយប្រើឈ្មោះ Park Min Young ក្នុងករណីធ្វើកិច្ចព្រមព្រៀងហិរញ្ញវត្ថុមួយចំនួនរបស់ខ្លួន។
យោងតាមប្រភពព័ត៌មាន ក៏បានបញ្ជាក់ដែរថា ព្រះរាជអាជ្ញាបានចេញបម្រាម ដោយហាមមិនឲ្យ តារាសម្ដែង Park Min Young ចាកចេញពីប្រទេសដាច់ខាត និងមានគម្រោងចេញប្រតិបត្តិការស៊ើបអង្កេតនាងទៀតផង។
Park Min Young ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងហើយ នៅពេលដែល Dispatch ចេញផ្សាយអំពីទំនាក់ទំនង របស់នាងជាមួយពាណិជ្ជករ Kang Jong Hyun។ ក្រោយពីអត្ថបទនេះភ្លាម គូស្នេហ៍មួយគូនេះក៏ប្រកាសថាបានបែកគ្នាហើយ។ Kang Jong Hyun ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ០២ ខែកុម្ភៈ ដោយចោទប្រកាន់ពីបទក្លែងបន្លំ ការកេងបន្លំ និងឧបាយកលទីផ្សារហ៊ុន៕