ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន និងស៊ុយអែត ជួបពិភាក្សាគ្នា លើសមាហរណកម្មអឺរ៉ុប របស់ទីក្រុងគៀវ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មានរបស់ប្រធានាធិបតីបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងនាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានពិភាក្សាអំពីសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែនក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងគៀវកាលពីថ្ងៃពុធ។

លោក ហ្សេឡិនស្គី និងលោក Kristersson បាននិយាយអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់ពួកគេនៅក្នុងស្ថាប័នអឺរ៉ុប ចំពេលដែលប្រទេសស៊ុយអែតធ្វើជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅឆមាសទីមួយនៃឆ្នាំនេះ។

លោក ហ្សឹឡិនស្គី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាថា “រួមគ្នាជាមួយប្រធានាធិបតីស៊ុយអែត យើងត្រូវធានានូវអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីចាប់ផ្តើមការចរចា ស្តីពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុបនៅឆ្នាំនេះ” ។

លោក បានលើកឡើងថាអ៊ុយក្រែនមិនមើលឃើញឧបសគ្គក្នុងការចាប់ផ្តើមការចរចាសមាជិកភាពសហភាពអឺរ៉ុបនិងក្តីសង្ឃឹម សម្រាប់ការគាំទ្ររបស់ប្រទេសស៊ុយអែតលើផ្លូវនេះនោះទេ។

សម្រាប់ផ្នែករបស់លោកវិញ លោក Kristersson បានកត់សម្គាល់ថាអ៊ុយក្រែន គឺជាអាទិភាពសម្រាប់គោលនយោបាយការបរទេសរបស់ប្រទេសស៊ុយអែត និងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។

លោក Kristersson បានសង្កត់ធ្ងន់ថា “វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាថាសហគមន៍អន្តរជាតិបន្តគាំទ្រអ៊ុយក្រែន បូរណភាពទឹកដី និងឯករាជ្យភាពរបស់ខ្លួន”។

លោកបានកោតសរសើរចំពោះវឌ្ឍនភាពនៃកំណែទម្រង់ដែលទីក្រុងគៀវ បានធ្វើនៅលើមាគ៌ាឆ្ពោះទៅរកសមាហរណកម្មជាមួយអឺរ៉ុប និងបានសម្តែងនូវជំនឿរបស់លោកថា អ៊ុយក្រែនអាចក្លាយជាសមាជិកពេញលេញនៃប្លុកនយោបាយ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top