ព័ត៌មានអន្តរជាតិ

ការដាក់ទណ្ឌកម្មរបស់ចិន លើឈ្មួញអាវុធរបស់អាមេរិក ជាសកម្មភាពអនុវត្តច្បាប់ធម្មតា

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា សកម្មភាពនៃការបន្ថែមក្រុមហ៊ុនអាមេរិកចំនួនពីរ ដែលបានលក់អាវុធ ទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត និងចាត់វិធានការដែលត្រូវគ្នា គឺជាសកម្មភាពអនុវត្តច្បាប់ធម្មតា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សាជីវកម្មអាវុធ Lockheed Martin និង Raytheon Missiles & Defence បានលក់អាវុធម្តងហើយម្តងទៀត ទៅឱ្យតៃវ៉ាន់ បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងរបស់ចិន ដែលបានធ្វើឱ្យខូចខាត យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសចិនក៏ដោយ ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា សកម្មភាពរបស់ប្រទេសចិន គឺអនុលោមតាមច្បាប់ពាណិជ្ជកម្មបរទេស ច្បាប់សន្តិសុខជាតិ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាមាត្រា ២ នៃបទប្បញ្ញត្តិ ស្តីពីបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត។

ក្រសួង​បាន​ប្រកាស​ ពី​ការ​សម្រេច​ដាក់​ក្រុមហ៊ុន​ទាំង​ពីរ​ ក្នុង​បញ្ជី​នៅ​ថ្ងៃ​ព្រហស្បតិ៍។ អ្នកនាំពាក្យបានបន្ដថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាការព្រួយបារម្ភអំពីផលប្រយោជន៍ស្នូលរបស់ចិន ហើយគ្មានការជ្រៀតជ្រែកពីខាងក្រៅ នឹងត្រូវបានអត់ឱនឡើយ ដោយសង្កត់ធ្ងន់ថា គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋាន ដែលត្រូវបានទទួលស្គាល់ជាសកល សម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងការឯកភាពក្នុងសហគមន៍អន្តរជាតិ។

ការលក់កាំជ្រួច យន្តហោះចម្បាំង និងអាវុធវាយលុកផ្សេងទៀត របស់ក្រុមហ៊ុនទាំងពីរទៅឱ្យតៃវ៉ាន់ បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ ដោយបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍ចិន-អាមេរិកទាំង៣ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា យោងតាមច្បាប់ ប្រទេសចិន នឹងទទួលខុសត្រូវចំពោះអង្គភាពទាំងនោះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top