កីឡា

លោក គង់ សោភ័ណ្ឌ ៖​ ការប្រកួតកីឡាបាល់ទាត់ និង សម្ដែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ “Beyond the Games” ក្រោមមូលបទ “បេះដូងលោត ក្នុងចង្វាក់តែមួយ” ស្ថិតក្រោមម្លប់ ដ៏ត្រជាក់នៃសន្តិភាព

កណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ ពាន រង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣-Kong Sophorn Cup 2023” និងព្រឹត្តិការណ៍ សម្តែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ “Beyond the Games” ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ” នាឱកាសដ៏ថ្លៃថ្លានេះនាថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ កីឡដ្ឋានខេត្តកណ្តាល ក្រុងតាខ្មៅ ។

លោក គង់ សោភ័ណ្ឌ បានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់ និងព្រឹត្តិការណ៍សម្ដែងកីឡាមិត្តភាពគាំទ្រ យុទ្ធនាការ “Beyond the Games” ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ” បានប្រព្រឹត្តិទៅក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមហារដ្ឋបុរសដ៏ឆ្នើម និងជាស្ថាបនិក មគ្គុទេសន៍ឯក ប្រតិបត្តិករ នយោបាយឈ្នះ-ឈ្នះ ដោយបានផ្តើមចេញពីការយកអាយុជីវិត សាច់ ស្រស់ ឈាមស្រស់ ធ្វើជាដើមទុន ដើម្បីសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ រាប់លាននាក់យ៉ាង អង់អាចក្លាហានពីរបបប៉ុលពត និងបានដាក់ចេញ គោលនយោបាយស្ដារសេដ្ឋកិច្ច សង្គម ពីកំទេច ផេះផង់ ឈានទៅរកការរីកចម្រើននូវផ្នែកសេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍ ឥតឈប់ឈរ មានស្ថិរភាពនយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ដ ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា ។

លោកអភិបាលខេត្តកណ្តាលបានបន្តថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ និងការសម្ដែងកីឡាមិត្តភាពគាំទ្រ យុទ្ធនាការ Byond the games បានប្រព្រឹត្តិយ៉ាងអធិកអធម នាឱកាសនេះដើម្បីអបអរសាទរ ក្នុងការត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ដែលទង់ជាតិកម្ពុជា នឹងអណ្ដែតឡើង ប្រកបដោយមោទកភាព ក្នុងនាមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់មួយ ក្នុងសកលលោក នៅសល់តែ៦៣ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ជាការប្រកួតកម្រិតអន្តរជាតិ ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀត ក្នុងវិស័យ កីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។

ជាមួយគ្នានេះព្រឹត្តិការណ៍កីឡា បានប្រារព្ធឡើងក្នុងឱកាសនេះ ក៏ដើម្បីអបអរសាទរ ជូនកីឡាករ កីឡាការិនី ខេត្តកណ្ដាលបានចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ បាននាំមកនូវកិត្តិយស និងមេដាយជ័យលាភី ជាច្រើន សម្រាប់ខេត្តកណ្តាល ដោយក្នុងនោះ ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ៤ នៅទូទាំង ប្រទេស ដែលទទួលបានមេដាយ សរុបច្រើនជាងគេ ។

ព្រឹត្តិការណ៍ដ៏ពិសេសក្នុងថ្ងៃនេះ ក៏ដើម្បីអបអរសាទរ ដល់ក្រុមកីឡាបាល់ទាត់បុរស និង នារី ស.ស.យ.ក ខេត្តកណ្តាល ដែលបានចូលរួមប្រកួត ដណ្ដើមពានរង្វាន់ Soccer League លើក ទី៦ ដែលមានក្រុមកីឡាបាល់ទាត់ចូលរួមប្រកួត៧៤ក្រុមមកពីទូទាំងប្រទេស ក្នុងនោះ ក្រុមកីឡា បាល់ទាត់បុរស ស.ស.យ.ក ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ១ ជាម្ចាស់ពានរង្វាន់ Soccer League លើកទី៦ និងក្រុមកីឡាបាល់ទាត់នារី សស.យ.ក ស្រុកស្អាង ទទួលបាន ចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេស៕

Most Popular

To Top