ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ! សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមគ្នាធ្វើសមយុទ្ធយោធាដ៏ធំ បំផុតក្នុងរយៈពេល៥ឆ្នាំ មកនេះ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមសមយុទ្ធរួមដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំនៅថ្ងៃចន្ទនេះ បន្ទាប់ពីក្រុងព្យុងយ៉ាងដែល មានអាវុធនុយក្លេអ៊ែរបានព្រមានថា សមយុទ្ធបែបនេះអាចត្រូវបានគេមើលឃើញថា ជា “ការប្រកាសសង្គ្រាម” ។

គេបានដឹងច្បាស់ថា ក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធា និងនុយក្លេអ៊ែរពីកូរ៉េខាងជើង ដែលបានធ្វើការសាកល្បង អាវុធហាមឃាត់មិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

សម្ព័ន្ធមិត្តបានឲ្យដឹងថា សមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ហៅថា Freedom Shield គ្រោងនឹងដំណើរការយ៉ាង ហោចណាស់ក៏១០ថ្ងៃដែរ ដោយចាប់ពីថ្ងៃចន្ទនេះ ហើយនឹងផ្តោតលើ “ការផ្លាស់ប្តូរបរិយាកាសសន្តិសុខ” ដោយសារតែការឈ្លានពានទ្វេដងរបស់កូរ៉េខាងជើង ។

នៅក្នុងសកម្មភាពដ៏កម្រមួយ យោធារបស់ក្រុងសេអ៊ូល នៅក្នុងខែនេះបានបង្ហាញឲ្យឃើញថា ខ្លួន និងកងកម្លាំងពិសេស របស់ ក្រុងវ៉ាស៊ីនតោន កំពុងរៀបចំសមយុទ្ធយោធា ឈ្មោះថា “Teak Knife” ដែលពាក់ព័ន្ធនឹងការក្លែងធ្វើការ វាយប្រហារយ៉ាងជាក់លាក់លើទីតាំងសំខាន់ៗនៅក្នុងប្រទេសកូរ៉េខាងជើង មុនពេលសមយុទ្ធ Freedom Shield ចាប់ផ្តើមឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top