តេហេរ៉ង់៖ អនុប្រធានសម្របសម្រួល នៃកងទ័ពសាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ លោក Habibollah Sayyari បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Tasnim កាលពីថ្ងៃសៅរ៍ថា យន្ដហោះស៊ើបការណ៍ណាមួយ ដែលត្រូវបានប្រទះឃើញនៅក្នុងតំបន់នៃសមយុទ្ធរួមគ្នារបស់អ៊ីរ៉ង់ រុស្ស៊ី និងប្រទេសចិន នឹងត្រូវបំផ្លាញ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Habibollah Sayyari ថា «ប្រទេសជាច្រើន កំពុងស្វែងរក ចង់ដឹងថាតើបញ្ហានេះជាអ្វី។ អ្នកស៊ើបការណ៍ ក៏បានចាត់វិធានការផងដែរ។ ល្បែងសង្គ្រាមរួមគ្នា មិនមែនជារឿងលេងសើចទេ ហើយនេះក៏មិនមែនជារឿងលេងសើច សម្រាប់យើងដែរ។ វាជានាវាចម្បាំង ឬយន្តហោះ ដូចដែលយើងបានបង្ហាញថា មានសមត្ថភាពបែបនេះ កាលពីអតីតកាល»។
ជាមួយគ្នានេះដែរអនុប្រធាន កងកំលាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Habibollah Sayyari បាននិយាយថា សមយុទ្ធកងទ័ពជើងទឹក អ៊ីរ៉ង់ រុស្ស៊ី និងចិន នៅមហាសមុទ្រឥណ្ឌា ភាគខាងជើង ពិតជាមិនមែន ជាលើកចុងក្រោយទេ អ៊ីរ៉ង់ រុស្ស៊ី និងចិន មានបំណងបន្ត ធ្វើសមយុទ្ធយោធារួមគ្នា នាពេលអនាគតថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា