កីឡា

អ្នកជំនាញជប៉ុនរហស្សនាម “បុរសស្មៅដ៏ល្អបំផុត” ថាស្មៅថ្មីនៅស្ដាតអូឡាំពិក​ នឹងផ្ដល់គុណភាព ការប្រកួតឱ្យកាន់តែជក់ចិត្ត

ហុកីឡដ្ឋានជាតិ ឬភាសានិយមហៅថា ស្តាតអូឡាំពិក នឹងក្លាយជាទីតាំង សម្រាប់ការប្រកួតបាល់ទាត់បុរសសម្រាប់ស៊ីហ្គេម ហើយដែលដើមឡើយ ជាប្រភេទស្មៅសិប្បនិម្មិតនោះ ត្រូវបានឈូសឆាយ និងជួសជុលកែលម្អ មកជាប្រភេទស្មៅធម្មជាតិវិញទាំងស្រុង តាំងពីខែតុលា ឆ្នាំ២០២២។

ដោយចង់បន្ថែមគុណភាពឱ្យកាន់តែមានភាពស្ដង់ដារខ្ពស់ ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (CPL) បានអញ្ជើញអ្នកជំនាញ លើការថែទាំស្មៅ ដែលមានបទពិសោធន៍ធ្វើទីលានស្មៅ សម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 មកពីប្រទេសជប៉ុន គឺលោក Shoji Ikeda ព្រមទាំងក្រុមការងារ ដើម្បីថែទាំទីលានរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេមមកដល់។

រយៈពេល ៣ថ្ងៃដំបូង លោក Shoji Ikeda បានធ្វើការចុះត្រួតពិនិត្យ កែលម្អ និងថែទាំស្មៅនៅពហុកីឡដ្ឋានជាតិ ជាមួយនឹងការបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនចោះដី និងកិនកំហាប់ដី និងការប្រើប្រាស់ជី សម្រាប់មើលថែស្មៅ នៅលើទីលានផ្ទាល់។ លើសពីនេះ គ្រឿងម៉ាស៊ីនទំនើបៗជាច្រើន ក៏ទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុនវឌ្ឍនៈ (Vattanac Golf Resort) បុត្រសម្ព័ន្ធក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលជាម្ចាស់ឧបត្ថម្ភធំ (Premium Sponsor) របស់គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC)។

លោក Shoji Ikeda ដែលត្រូវបានគេហៅថា ជាបុរសស្មៅដ៏ល្អបំផុត ក្នុងប្រទេសជប៉ុន និងមាន វ័យ៧០ឆ្នាំ រំពឹងថា ទីលានពហុកីឡដ្ឋានជាតិនេះ នឹងផ្ដល់គុណភាពការប្រកួតឱ្យកាន់តែជក់ចិត្ត ដោយសារការកែសម្រួលទៅលើបច្ចេកទេស៕

Most Popular

To Top