ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្ស៊ី និងបេឡារុស្ស ប្ដេជ្ញាជំរុញដំណើរការសមាហរណកម្ម ខណៈសង្គ្រាមនៅអ៊ុយក្រែន បន្ដអូសបន្លាយ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស្ស Alexander Lukashenko បានប្តេជ្ញាថា នឹងជំរុញដំណើរការ ធ្វើសមាហរណកម្ម រវាងប្រទេសទាំងពីរ ខណៈសង្គ្រាម នៅអ៊ុយក្រែន បន្ដអូសបន្លាយ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំទាំងពីរបានធ្វើការកត់សម្គាល់ នៅពេលរួមគ្នាធ្វើជាប្រធានកិច្ចប្រជុំ នៃក្រុមប្រឹក្សារដ្ឋកំពូល នៃរដ្ឋសហភាពរុស្ស៊ី និងបេឡារុស្សនៅវិមានក្រឹមឡាំង។

នៅក្នុងកិច្ចប្រជុំនេះ លោក ពូទីន បានកត់សម្គាល់ថា “សមិទ្ធិផលសំខាន់ៗ” ត្រូវបានធ្វើឡើងនៅក្នុងសមាហរណកម្មនៃវិស័យអាទិភាពចំនួន ២៨ ដែលបានអនុម័តក្នុង កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋកំពូល កាលពីឆ្នាំ២០២១។

លោកបានលើកឡើងថា “រហូតមកដល់ពេលនេះ ទាំងរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបាន បញ្ចប់សកម្មភាព ៧៤ ភាគរយ ដែលបានគ្រោងទុកនៅ ក្រោមកម្មវិធីអាទិភាពទាំងនោះ ហើយការងារនេះកំពុងផ្តល់លទ្ធផលជាក់ស្តែង។ យើងពិតជា នឹងបន្តការងារនេះ ដោយមិនបង្អង់យូរឡើយ”។

គួរបញ្ជាក់ថា រុស្ស៊ី និងបេឡារុស្ស នឹងបន្តបង្កើត ទីផ្សារប្រេង និងឧស្ម័នបង្រួបបង្រួម ខណៈដែលកិច្ចព្រមព្រៀង ស្តីពីការបង្កើតទីផ្សារអគ្គិសនី តែមួយកំពុងត្រូវបានរៀបចំ។

លើសពីនេះ ទីក្រុងម៉ូស្គូ និងទីក្រុងមីនស៍ នឹង បន្តកសាងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលឆ្លើយតបនឹងផល ប្រយោជន៍ជាមូលដ្ឋាន របស់ប្រទេសទាំងពីរ ដោយសារស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ។

លោក Lukashenko បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញា ស្តីពីការបង្កើតសហគមន៍ បេឡារុស្ស និងរុស្ស៊ីដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩៦ ដែលជាឯកសារមូលដ្ឋាន ដែលបានចាប់ផ្តើមដំណើរការសមាហរណកម្ម នៃប្រទេសជិតខាងទាំងពីរ៕

Most Popular

To Top