តូក្យូ៖ អតីតមេបញ្ជាការ នៃឆ្មាំឆ្នេរសមុទ្រចិន បានឲ្យដឹងថាការប៉ុនប៉ង របស់ចិន ដើម្បីប្រឆាំងនឹងការគ្រប់គ្រង កោះរបស់ជប៉ុន នៅសមុទ្រចិនខាងកើត ដោយការបញ្ជូននាវាល្បាត ទៅដែនទឹកក្បែរនោះ ត្រូវបានគ្រោងទុកតាំង ពីឆ្នាំ ២០០៦ ដែលលឿនជាងការជឿទុកមុន របស់រដ្ឋាភិបាលជប៉ុន ។
នាវាឆ្មាំឆ្នេរសមុទ្រចិន ដំបូងបានចូលដែនទឹក របស់ជប៉ុន នៅជុំវិញប្រជុំកោះសេនកាគូ ដែលចិនហៅថាប្រជុំកោះដាយយូ កាលពីខែធ្នូ ឆ្នាំ ២០០៨ ហេីយរដ្ឋាភិបាលជប៉ុន បានសន្មតថាមេបញ្ជាការ នៃនាវានេះបានធ្វើសកម្មភាពដោយខ្លួនឯង។
លោក Yu Zhirong ដែលជាមន្ត្រីនៅលើនាវា នៅពេលវាចូលក្នុងដែនទឹកជប៉ុន កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០០៨ បានប្រាប់សារព័ត៌មានក្យូដូថា ការបញ្ជាត្រូវបានធ្វើឡើង ដោយផ្ទាល់ពីរដ្ឋាភិបាលកណ្តាល ដោយផ្អែកលើផែនការ ដែលបានបង្កើតឡើង តាំងពីឆ្នាំ២០០៦ ដើម្បីបញ្ជូននាវាល្បាត ទៅតំបន់នោះ៕ ដោយ ឈូក បូរ៉ា