ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យអ្នកធ្វើសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អនុម័តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់អំពើហិង្សាដោយកាំភ្លើង នៅលើភាគីទាំងពីរនៃព្រំដែនអាមេរិក និងម៉ិកស៊ិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក លោក Lopez Obrador បានអំពាវនាវជាពិសេសដល់អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និងអភិបាលរដ្ឋ Florida លោក Ron DeSantis ឱ្យបន្តការគ្រប់គ្រងកាំភ្លើង និងការជួញដូរអាវុធឆ្លងកាត់ព្រំដែន។
លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មាននៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “នោះគឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដើម្បីទប់ស្កាត់អំពើឃាតកម្មដ៏អកុសលទាំងនេះ ការបាញ់ប្រហារទាំងនេះ ដែលកើតឡើងឥតឈប់ឈរ” នៅក្នុងសហរដ្ឋអាមេរិក។
លោកបានសួរតាមវោហាសាស្ត្រ ដោយបន្ថែមថា នោះជាកត្តាមួយដែលនៅពីក្រោយបញ្ហា “ហេតុអ្វីបានជាពួកគេមិនចូលរួមក្នុងរឿងនោះ ហើយឈប់ទទួលយកលុយពីក្រុមហ៊ុនផលិតអាវុធ ពីឧស្សាហកម្មសង្រ្គាម សម្រាប់យុទ្ធនាការរបស់ពួកគេ?” ។
លោកបានលើកឡើងថា អ្នកនយោបាយមួយចំនួននៅក្នុងសហរដ្ឋអាមេរិក “មិននិយាយអ្វីទេ” អំពីការលក់អាវុធដែលធូររលុង ខណៈដែលពួកគេទទួលបានប្រាក់ពីក្រុមហ៊ុន ផលិតអាវុធដើម្បីផ្តល់ហិរញ្ញប្បទានដល់យុទ្ធ នាការបោះឆ្នោតឡើងវិញរបស់ពួកគេ។
រដ្ឋាភិបាលម៉ិកស៊ិក បានដាក់ពាក្យបណ្តឹងនៅសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុនផលិត និងអ្នកចែកចាយសព្វាវុធនៅទីនោះ ដោយចោទប្រកាន់ពួកគេពីបទ ធ្វេសប្រហែសក្នុងការធ្វើអាជីវកម្ម ដែលជំរុញឱ្យមានអំពើហិង្សា ដោយកាំភ្លើងនៅក្នុងប្រទេសម៉ិកស៊ិក។
អាជ្ញាធរម៉ិកស៊ិក បានប៉ាន់ប្រមាណថាអាវុធយ៉ាងតិចកន្លះលានបានហូរដោយខុសច្បាប់ពីសហរដ្ឋអាមេរិក ទៅកាន់ក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសម៉ិកស៊ិក ជារៀងរាល់ឆ្នាំ៕ ប្រែសម្រួល ឈូក បូរ៉ា