បរទេស៖ សារព័ត៌មាន USA Today បានរាយការណ៍កាលពីថ្ងៃចន្ទថា យោធាអាមេរិក កំពុងជួសជុលរថក្រោះ M1 Abrams ចាស់ៗសម្រាប់បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដោយដកហូតនូវ បច្ចេកវិទ្យាលំដាប់កំពូលចេញពីរថក្រោះនេះ ដើម្បីកាត់បន្ថយហានិភ័យ ប្រសិនបើរថក្រោះនេះត្រូវចាប់បានដោយកងកម្លាំងរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសកាលពីខែមករាថា រដ្ឋាភិបាលទីក្រុងគៀវ នឹងទទួលបានរថក្រោះប្រយុទ្ធដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរាយការណ៍ថា ជា “គម្រប” ក្នុងការបន្ទន់ចិត្តប្រទេសអាឡឺម៉ង់ បន្ទាប់ពីទីក្រុង ប៊ែកឡាំងបញ្ជូនរថក្រោះ Leopards របស់ខ្លួន។
ដំបូងឡើយ មន្ទីរបញ្ចកោណបានប្រកាសថា រថក្រោះ ម៉ូដែល M1A2 ចំនួន ៣១គ្រឿង នឹងត្រូវបញ្ជូនមក។
ទោះយ៉ាងណាក៏ដោយ ផែនការបានផ្លាស់ប្តូរនៅខែមីនា ដោយសារយោធាអាមេរិកបានជ្រើសរើសជួសជុលម៉ូដែល M1A1 ចាស់ៗជំនួសវិញ។
មន្ត្រីពីរនាក់ដែលមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ បានប្រាប់ USA Todayថា រថក្រោះ “បច្ចេកវិទ្យាទាប” នឹងមិនមានបច្ចេកវិជ្ជា “ទំនើប” ដែលរុស្ស៊ីអាចទាញយកបាន ដូចជាប្រព័ន្ធកំណត់គោលដៅកម្រិតខ្ពស់សម្រាប់កាំភ្លើងធំ 120mm ។
គេហទំព័រនេះក៏បានដកស្រង់ សម្តីអ្នកជំនាញសាជីវកម្ម RAND ដែលបាននិយាយថា រុស្ស៊ី អាចសាកល្បងរថក្រោះដែលចាប់បាន ណាមួយសម្រាប់ភាពងាយរងគ្រោះ។
រថក្រោះដែលមានទំងន់ ៧០តោន ប្រើទួរប៊ីនហ្គាសត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយបានឃើញការប្រយុទ្ធជាលើកដំបូង របស់វានៅក្នុងសង្គ្រាមឈូងសមុទ្រឆ្នាំ ១៩៩១។ ចាប់តាំងពីពេលនោះមក កំណែប្រែកាត់បន្ថយការនាំចេញ គឺត្រូវបានផ្តល់ជូនអារ៉ាប៊ីសាអូឌីត គុយវ៉ែត អេហ្ស៊ីប ម៉ារ៉ុក អ៊ីរ៉ាក់ និងអូស្ត្រាលី៕ ប្រែសម្រួលៈ ណៃ តុលា