បរទេស៖ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានប្តេជ្ញាធ្វើការសងសឹកវិញ ក្រោយសហរដ្ឋអាមេរិក បានសម្លាប់នាយឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani ជាប្រធានក្រុមកងកម្លាំង និងជាស្ថាបត្យករពង្រីក ឥទ្ធិពលយោធារបស់អ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា ក្នុងការវាយប្រហារតាមអាកាសមួយ នៅអាកាសយានដ្ឋានទីក្រុងបាដាដ នាថ្ងៃសុក្រនេះ។
ការសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់ ក្រោយការបញ្ជារបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យមានការតានតឹងកើនឡើងជាខ្លាំង ក្នុងសង្គ្រាមក្នុងតំបន់ រវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ជាពិសេសគឺអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា មេបញ្ជាការជាន់ខ្ពស់ នៃកងជីវពលអ៊ីរ៉ាក់ គឺលោក Abu Mahdi al-Muhandis ជាទីប្រឹក្សារបស់លោក Soleimani ក៏ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារនោះផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង