ព័ត៌មានអន្តរជាតិ

លោក ពូទីន ថ្លែងថា រុស្ស៊ី បានបញ្ជូនអាវុធ នុយក្លេអ៊ែរ ទៅកាន់ប៊ែលឡារុស្ស ក្នុងពេលសង្គ្រាម ជាមួយនឹងអ៊ុយក្រែន

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន  Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា រុស្ស៊ី បានបញ្ជូនអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រដំបូង ទៅកាន់ប្រទេសជិតខាង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នោះគឺប្រទេស ប៊ែលឡារុស្ស ដែលនេះជាសកម្មភាព បង្ហាញឲ្យឃើញថា ទំនងជានឹង បង្កើនភាពតានតឹង បន្ថែមទៀត ជាមួយប្រទេសលោកខាងលិច ជុំវិញសង្គ្រាមកើតឡើង នៅអ៊ុយក្រែន ។
គួរបញ្ជាក់ថា នេះជាលើកដំបូង ហើយសម្រាប់រុស្ស៊ី ដែលបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅខាងក្រៅព្រំដែនរបស់ខ្លួន ចាប់តាំងពីពួកគេត្រូវបានដកខ្លួន ចេញពីសាធារណរដ្ឋ គឺអតីតសហភាពសូវៀត ក្រោយពីបានដួល រលំនៅក្នុងឆ្នាំ១៩៩១ ។

នៅក្នុងសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg លោក ពូទីន បានថ្លែងដូច្នេះថា “ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានបញ្ជូនទៅទឹកដីប៊ែលឡារុស្ស ហើយ” ហើយលោកបានលើកឡើងថា “ នេះគឺជារឿងបាច់ណាស់” ។

លោកបានថ្លែងឲ្យដឹងទៀតថា “យើងនឹងបញ្ចប់ការងារនេះ នៅចុងឆ្នាំនេះតែម្តង” ខណៈដែលបានធ្វើការកត់សម្គាល់ថា ការសម្រេចចិត្តបញ្ជូនអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលត្រូវបានរចនាឡើង សម្រាប់ការវាយប្រហារ មានកំណត់នៅលើសមរភូមិ គឺជាវិធានការទប់ស្កាត់ ។

ប្រទេសប៊ែលឡារុស្ស គឺមានព្រំប្រទល់ជាប់នឹង ប្រទេសសមាជិកនៃអង្គការ NATO ក្នុងរួមទាំង ប្រទេសប៉ូឡូញ ហើយបានជួយដល់រុស្ស៊ី ក្នុងការឈ្លានពានយោធារបស់ខ្លួន ខណៈដែលមិនចូលរួម ក្នុងការឈ្លានពានដោយផ្ទាល់នោះទេ ។

ចំពោះការអះអាងថា រុស្ស៊ី កំពុង មានជ័យជម្នះ នៅក្នុងសង្គ្រាមប្រឆាំង នឹងអ៊ុយក្រែន លោក ពូទីន បានថ្លែងដូច្នេះតាមរយៈអ្នកបក ប្រែដោយបានសង្កត់ធ្ងន់ថា ខណៈដែលការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺ “អាចធ្វើទៅបាន តាមការប្រកាស” វាគ្រាន់តែជាការចាំបាច់ត្រូវប្រើ ប្រសិនបើ “មានការគំរាមកំហែងណា មួយដល់ភាពជារដ្ឋរបស់រុស្ស៊ី មែននោះ” ៕

Most Popular

To Top