ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ថា រដ្ឋាភិបាល ទាំង២បានឲ្យដឹងថា លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិន និង លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា កាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉េកាំងថា ប្រទេសរបស់ពួកគេ នឹងបន្តកិច្ចសន្ទនា ស្របពេលមានភាពតានតឹងទ្វេភាគី កើនឡើងនៅលើកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត ។ ដោយលោក Qin បានស្នើដល់ក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការពិភាក្សាគ្នាបន្ថែមទៀត ។
ក្រសួងការបរទេសបានឲ្យដឹងថា លោក Blinken បានសង្កត់ធ្ងន់ ទៅលើសារៈសំខាន់នៃ “ការរក្សាបណ្តាញទំនាក់ទំនង ដោយបើកចំហនៅទូទាំងបញ្ហា ទាំងឡាយ ដើម្បីកាត់បន្ថយហានិភ័យ នៃការយល់ខុស និងការគិតខុស” ហើយបានយល់ព្រមជាមួយលោក Qin ដើម្បីកំណត់ពេលវេលា នៃដំណើរទស្សនកិច្ចទៅវិញទៅមកនៅ ” ពេលវេលាណាមួយដែលសមស្រប” ។
ក្រសួងការបរទេសចិន បានឲ្យដឹងថា ចំពោះកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថា ជារបស់ខ្លួន លោក Qin បានព្រមានប្រឆាំង នឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក នៅក្នុងបញ្ហាជុំវិញកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងដោយបានបញ្ជាក់ថា វាគឺជា “ផលប្រយោជន៍សំខាន់របស់ប្រទេសចិន” និងជា “ហានិភ័យខ្លាំងបំផុត” ៕