ព័ត៌មានអន្តរជាតិ

Update ៖ នាយករដ្ឋមន្ត្រីជប៉ុន ថ្លែងថា ជប៉ុន នឹងសម្របសម្រួលជាមួយក្រុម G7 ដើម្បីដោះស្រាយស្ថានភាពក្នុងប្រទេស រុស្ស៊ី

រូបភាពពី​ XINHUA

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុន បានឲ្យដឹតថា ខ្លួននឹងសម្របសម្រួលជាមួយក្រុមប្រទេសចំនួន៧ផ្សេងទៀតនៅក្នុងការដោះស្រាយស្ថានភាពនៅក្នុងប្រទេសរុស្ស៊ី ក្រោយពីមានការបះបោររយៈពេលខ្លី ដោយក្រុមទាហានស៊ីឈ្នួល Wagner ។

និងបានបញ្ជាក់បន្ថែមទៀតថា ការធានាដល់ការអភិវឌ្ឍន៍ និងមាន “ការយកចិត្តទុកដាក់ខ្ពស់ថែមទៀត” ។
លោក Fumio Kishida នាយករដ្ឋមន្ត្រី បានប្រាប់ដល់អ្នកយកព័ត៌មានថា “យើងចង់ឆ្លើយតបទៅនឹងស្ថានភាពដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម G7” ជុំវិញសង្គ្រាមដែលបានចាប់ផ្តើមដោយក្រុងម៉ូស្គូកាលពីខែកុម្ភៈឆ្នាំមុន ។

លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានប្រាប់ដល់សន្និសីទសារព័ត៌មានថា លោកមិនបានឮអំពីការប៉ះទង្គិចគ្នាខ្លាំងក្លាណាមួយនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការបះបោរនោះទេ ប៉ុន្តែរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាព របស់ពលរដ្ឋជប៉ុន ដែលរស់នៅក្នុងប្រទេសនេះ ។

ទន្ទឹមនឹងនេះដែរ មានការបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផលប៉ះពាល់ដែលអាចកើតមាន នៃការបះបោរលើការគ្រប់គ្រងរបស់លោក ពូទីន និងសង្រ្គាមនៅអ៊ុយក្រែន នោះ លោក Matsuno បានលើកឡើងថា “យើងនឹងបន្តឃ្លាំមើលយ៉ាងយកចិត្ដទុកដាក់បំផុតនូវចលនារបស់ក្រុម Wagner និងស្ថានភាពនៅក្នុងស្រុករបស់រុស្ស៊ី“ ។

គេបានដឹងថា ការបះបោរនេះត្រូវបានរំសាយចោលកាលពីថ្ងៃសៅរ៍ នៅគ្រាដែលលោក Yevgeny Prigozhin ស្ថាបនិក នៃក្រុម Wagner ដែលកំពុងប្រយុទ្ធជាមួយយោធារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានលើកឡើងថា កងទ័ពរបស់គាត់នឹងបញ្ឈប់ការរុលទៅមុខ របស់ពួកគេលើទីក្រុងម៉ូស្គូ ដើម្បីបញ្ចៀស “ការបង្ហូរឈាមគ្នានៅរុស្ស៊ី” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top