ព័ត៌មានអន្តរជាតិ

Update៖ ប្រទេសប៊ែលឡារុស្ស អះអាងពីការមកដល់ របស់ស្ថាបនិក ទាហានស៊ីឈ្នួល Wagner

រូបភាព៖ AFP

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន  Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា ប្រទេសប៊ែលឡារុស្ស ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មានរដ្ឋប៊ែលឡារុស្ស បានឲ្យដឹងថា លោក Yevgeny Prigozhin ស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner បានមកដល់ប្រទេសនេះ តាមផ្លូវអាកាសកាលពីថ្ងៃអង្គារ ក្រោយពីមានការបះបោរយោធា រយៈពេលខ្លីនៅក្នុងប្រទេសរុស្ស៊ី ។

ទីភ្នាក់ងារ Telegraph របស់ប្រទេសប៊ែលឡារុស្ស បានរាយការណ៍ថា លោក Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងបានចុះកិច្ចព្រមព្រៀង ជាមួយលោក Prigozhin ដើម្បីបញ្ឈប់ការបះបោរ ដែលបានផ្ទុះឡើង កាលពីថ្ងៃសុក្រ ដោយបានថ្លែងថា ប្រទេសប៊ែលឡារុស្ស នឹងផ្តល់ការធានាសន្តិសុខដល់ស្ថាបនិក Wagner និងយុទ្ធជនរបស់គាត់ ។

ប្រធានាធិបតី ដែលជាអ្នកស្គាល់គ្នាយូរមកហើយ របស់លោក Prigozhin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារនេះថា ប្រទេសប៊ែលឡារុស្ស នឹងផ្តល់ជូនក្រុម Wagner Group នូវមូលដ្ឋានយោធា ដែលគេបោះបង់ចោល និងជំនួយចាំបាច់ផ្សេងទៀតផងដែរ ។

គេបានដឹងថា ក្រុមយោធានេះបានប្រយុទ្ធ ជាមួយយោធារុស្ស៊ី នៅក្នុងសង្គ្រាមរបស់ទីក្រុងម៉ូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ ។

ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា លោកប្រធានាធិបតីប៊ែលឡារុស្ស បានថ្លែងថា ខណៈដែលក្រុមនេះនឹងត្រូវបានឃ្លាំមើល នៅក្នុងប្រទេសប៊ែលឡារុស្ស កងទ័ពនៅក្នុងស្រុកអាចទទួលបាន ការបណ្តុះបណ្តាលពីទាហានស៊ីឈ្នួលទាំងនេះ ហើយរៀនពីបទពិសោធន៍ ប្រយុទ្ធរបស់ពួកគេ ដោយហៅថា ជាក្រុមដែល “មិនអាចរកអ្វីមកប្រៀបប្រដូចបានឡើយ” ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top