ភ្នំពេញ ៖ សហព័ន្ធខ្មែរអត្តពលកម្ម ស្ម័គ្រចិត្ត ត្រៀមបញ្ជូនថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៥ របស់ខ្លួនចូលរួម មហាសន្និបាត និងព្រឹត្តិការណ៍ ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯក អាស៊ីលើកទី២៥ ដែលនឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២៣ នៅប្រទេសថៃ ។
លោក បូរ ពុធរាត្រី គ្រូបង្វឹក និងអគ្គលេខាធិការសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើកនេះ ប្រធានសហព័ន្ធ លោក ដួង មាសចំរើន បានអនុញ្ញាតឲ្យអនុប្រធានគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៥ នាក់ចូលរួមដូចជាលោក ប៉ែន វុទ្ធី អនុប្រធាន និងប្រធានគណៈប្រតិភូ លោក បូរ ពុធរាត្រី គ្រូបង្វឹក កីឡាករ ឈុន ប៊ុនថុន ម្ចាស់មេដាយមាស SEA GAME 2023 កីឡាករ ណឹប ច័ន្ទយ៉ុរ៉ុង និងកីឡាការិនី ពក ពិសី ។
លោកគ្រូបង្វឹកបានបន្តថា អត្តពលិកទំាង ៣ នាក់ប្រកួតលើ ៣ វិញ្ញាសាគឺ កីឡាករ ឈុន ប៊ុនថុន ប្រកួតលើវិញ្ញាសា ៨០០ ម៉ែត្រ ដែលជាវិញ្ញសាកីឡាករនេះ ឈ្នះម្ចាស់មេដាយមាស SEA GAME 2023 នៅកម្ពុជា កីឡាករ ណឹប ច័ន្ទយ៉ុរ៉ុង ប្រកួតលើវិញ្ញាសា ១០០ ម៉ែត្រ និងកីឡាការិនី ពក ពិសី ប្រកួតលើវិញ្ញាសាលោតចម្ងាយ ។
ចំពោះការប្រកួតនេះ សហព័ន្ធបានបញ្ជូន ក្រុមអត្តពលិក ដែលមានសក្តានុពលភាពដូចជាកីឡាករ ឈុន ប៊ុនថុន ប្រកួតលើវិញ្ញាសា ៨០០ ម៉ែត្រ ដែលជាវិញ្ញសាកីឡាករនេះ ឈ្នះម្ចាស់មេដាយមាស SEA GAME 2023 នៅកម្ពុជា និងកីឡាករ-កីឡាការិនី ផ្សេងៗទៀត ក៏ជាការផ្តល់ឱកាសពួកគេ បន្ថែមទៀត សម្រាប់ក្នុងការស្ទាប់ស្ទង់សកម្មភាព ដោយសារការប្រកួតជើងឯក អាស៊ីមានរហូតដល់ ៤៥ ប្រទេសចូលរួម ។
លោក បូរ ពុធរាត្រីបានបន្ថែមទៀតថា រូបលោក និងលោក ប៉ែន វុទ្ធី អនុប្រធាន និងប្រធានគណៈប្រតិភូ នឹងចេញដំណើរនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមមហាសន្និបាតសហព័ន្ធកីឡាអត្តពលកម្មអាស៊ី ក្រោយបញ្ចប់មហាសន្និបាតលោកបន្តចូលរួមការប្រកួតជាមួយកីឡាករ-កីឡាការិនីទៀត៕
ដោយ៖លី ភីលីព