បរទេស ៖ កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនយន្តហោះចំនួន ១៣ គ្រឿង និងនាវាចំនួន ៦ គ្រឿងចូលទៅក្នុងដែនអាកាស និងដែនទឹក ជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ កាលពីព្រឹកថ្ងៃសៅរ៍ ដោយគាប់ជួន ជាមួយនឹងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោកស្រី Janet Yellen មកកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងជួសជុល ទំនាក់ទំនងដ៏តានតឹង រវាងចិន និងអាមេរិក ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ ពីអាកាស និងសមុទ្រ ហើយប្រព័ន្ធមីស៊ីល នៅលើដីត្រូវបានរៀបចំ ដើម្បីឆ្លើយតបវិញ ផងដែរ ។ ក្រសួងការពារជាតិ កោះនេះបន្តថា យន្តហោះចិន ចំនួន ៤ គ្រឿង, យន្តហោះចម្បាំង SU-30 ចំនួន២គ្រឿង, យន្តហោះឈ្លបយកការណ៍ BZK-005 ចំនួន១គ្រឿង និងយន្តហោះចម្បាំង ប្រឆាំង នាវាមុជទឹក Y-8 ចំនួន១គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលបម្រើជាព្រំដែន ជាក់ស្តែងរវាងភាគីទាំងពីរ និងមាន បានចូលទៅក្នុងតំបន់ កំណត់អត្តសញ្ញាណការពារដែន អាកាសភាគនិរតី របស់កោះតៃវ៉ាន់។
ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយប៉ុនប៉ង ដើម្បីដាក់បញ្ចូល ដោយកម្លាំងប្រសិនបើចាំបាច់ ហើយបញ្ជូនបេសកកម្មទ័ពអាកាស និងជើងទឹក ស្ទើរតែជារៀងរាល់ថ្ងៃ ក្នុងការប៉ុនប៉ង កាត់បន្ថយសមត្ថភាព ការពាររបស់កោះ និងបំភិតបំភ័យប្រជាជន ២៣ លាននាក់របស់កោះនេះ ។
ចំណែកការគាំទ្រ របស់សហរដ្ឋអាមេរិក សម្រាប់កោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ដែលបានបំបែក ចេញពីប្រទេសចិនដីគោក ចំពេលមានសង្រ្គាមស៊ីវិល ក្នុងឆ្នាំ ១៩៤៩ គឺនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរ នៅក្នុងទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង៕
ប្រែសម្រួលៈ ណៃ តុលា