រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ នៅទីក្រុងរ៉ូម និងទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអ៊ីតាលី ត្រូវបានដាក់សញ្ញាប្រកាសអាសន្នពណ៌ក្រហម ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងរលកកម្តៅកើនឡើងខ្លាំង ដែលក្រុមអ្នកឧតុនិយមបានអះអាងថា ទំនងជានឹងបំបែកកំណត់ត្រា ។
ក្រុមអ្នកព្យាករណ៍បានព្យាករណ៍ថា សីតុណ្ហភាពប្រហែល៤០ អង្សាសេសម្រាប់នៅថ្ងៃនៃសប្តាហ៍នេះនៅក្នុងទីក្រុងនានាទូទាំងប្រទេស ខណៈដែលអឺរ៉ុប បានស្ថិតក្នុងការក្តាប់នៃរលកកម្តៅអស់រយៈពេលជាច្រើនសប្តាហ៍មកដល់ពេលឥឡូវនេះ។
គួររំលឹកថា កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីតាលី បានចេញការប្រកាសអាសន្នពណ៌ក្រហមនៅក្នុងទីក្រុងសំខាន់ៗចំនួន៩ នៅក្នុងចំណោមទីក្រុងសំខាន់ៗចំនួន២៧ របស់ប្រទេសនេះសម្រាប់រយៈពេលយ៉ាងហោចណាស់១ថ្ងៃនៅក្នុងចំណោម៣ថ្ងៃបន្ទាប់ទៀត ។
ទីក្រុងទាំងនោះរួមមានរដ្ឋធានី រ៉ូម ទីក្រុង Florence ដែលស្ថិតនៅកណ្តាលនៃប្រទេសអ៊ីតាលី និង Bologna នៅភាគខាងជើងប្រទេស ។ សូម្បីតែក្រុង Bolzano នៅភាគខាងជើងឆ្ងាយរបស់ប្រទេសនេះ នឹងមានការប្រកាសអាសន្នពណ៌ក្រហមនៅថ្ងៃអង្គារនេះផងដែរអំពីរលកកម្តៅកើនឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា