ផ្សេងៗ

មូលហេតុ​៤យ៉ាង ដែលបណ្តាល​ឱ្យលោតសញ្ញាឆេក ABS

ប្រព័ន្ធហ្វ្រាំង ឬហ្វ្រាំងកៀប ABS ជាប្រព័ន្ធដែលដាក់នៅលើហ្វ្រាំងជើង ការពារកុំឲ្យកង់ជាប់គាំង ដែលអាចបណ្ដាលឲ្យរថយន្តអូសទៅមុខ មិនអាចបញ្ជាចង្កូតបាន នៅពេលជាន់ហ្វ្រាំងភ្លាមៗ។ ប្រព័ន្ធនេះមានប្រសិទ្ធភាពបំផុត នៅពេលដែលផ្លូវមានសភាពរអិល ព្រោះវានឹងជួយមិនឲ្យរថយន្តបាត់លំនឹង ពេលជាន់ហ្វ្រាំងភ្លាមៗ។

យ៉ាងណាមិញ​រថយន្ត​ដែល​បំពាក់​ហ្វ្រាំង ABS នេះ ភាគ​ច្រើន​ក៏នឹង​មានលោត​សញ្ញាឆេក ABS នៅក្នុងកុងទ័ររថយន្តផងដែរ ដែល​វា​បញ្ជាក់​ពីភាព​មិនប្រក្រតីណាមួយ​របស់​ប្រព័ន្ធនេះហើយ ប៉ុន្តែមិនមែន​ឱ្យតែលោតសញ្ញាឆេក ABS គឺត្រូវតែប្តូរចោលនោះទេ។

ជាទូទៅ រថយន្តដែល​មាន​ឆេក ABS គឺ​មានមូលហេតុ ៤យ៉ាងដូចខាងក្រោម៖

ម៉ូឌីល ABS

គ្រឿងបង្គុំ ABS មានការភ្ជាប់គ្នា​ជាមួយ​ប្រព័ន្ធមួយ​ផ្សេងទៀត​របស់​រថយន្ត គឺ​ប្រព័ន្ធ​ទប់លំនឹងពេលបត់ ឬរអិល (traction control) ដូច្នេះ​វា​ក៏ប្រើម៉ូឌីល (Module) រួមគ្នា​ផងដែរ។ អ៊ីចឹង​ពេលខ្លះ វា​ជាបញ្ហា​របស់​ប្រព័ន្ធ Traction Control ទេ តែក៏បណ្តាលឱ្យលោត​ឆេក ABS ដូចគ្នា។

កម្រិត​ប្រេង​ហ្វ្រាំង​ទាប

នៅពេល​រថយន្ត​ពុំមាន​ប្រេងហ្វ្រាំងគ្រប់​គ្រាន់​ នោះ​ដំណើរការនៃប្រព័ន្ធហ្វ្រាំង ឬការចាប់ហ្វ្រាំង មិនបានរលូនល្អ​ល្អនោះទេដែលអាចបង្កគ្រោះថ្នាក់បាន ពេលនោះសេនស័ររបស់​វា​នឹងបញ្ជូនព័ត៌មានមក ហើយបញ្ចេញ​សញ្ញាឆេក ABS។ ចំពោះការបាត់ប្រេងហ្វ្រាំងនេះ ក៏មានមូលហេតុ​របស់វា​ដែរ ដែលត្រូវ​ចូល​ការ៉ាស់​ឱ្យ​ជាង​ត្រួតពិនិត្យ​មើលជាក់ស្តែង។ បញ្ហាប្រេងហ្វាំងនេះ​ទៀតសោត ប្រសិន​បើ​វាអស់គុណភាព ហើយនៅតែបន្តប្រើទៀតនោះ អាចបណ្តាល​ឱ្យខូចដុំ ABS តែម្តង។

ខូចសេនស័រល្បឿនកង់

វាជាសេនស័រ​ដែល​បង្ហាញ​ប្រាប់​ពីការវិលជុំរបស់កង់រថយន្ត។ ប្រសិន​បើ​សេនស័រ​នេះ បាន​ក្លាយ​ជាកខ្វក់ ឬ​ឈប់​ធ្វើការ ពេលនោះ​វា​មិនអាចបង្ហាញព័ត៌មាន​ត្រឹមត្រូវឡើយ ហើយក៏ប៉ះពាល់​ដល់​ប្រព័ន្ធហ្វ្រាំង ABS ផងដែរ ព្រមទាំង​លោតចេញសញ្ញាឆេកនេះទៀតផង។

ប្រព័ន្ធ​ ABS ត្រូវបានបិទ

សម្រាប់​រថយន្ត​ដែល​មាន​ជម្រើស​ក្នុងការបិទបើកប្រព័ន្ធ ABS ឬប្រព័ន្ធ Traction Control គឺ​អ្នកប្រើប្រាស់​អាចច្រឡំបិទ ឬចង់បិទ​ប្រព័ន្ធនេះចោល ឬក៏អាច​មាន​ការដាច់ខ្សែ​កន្លែងណាមួយ​នៃប្រព័ន្ធ​នេះ។ ដូច្នេះ វានឹង​លោតសញ្ញាឆេក ABS ព្រមាន​អ្នកបើកបរ​ថា មុខងារ​សុវត្ថិភាព​ដ៏សំខាន់ កំពុងមិនដំណើរការ។ តែយ៉ាងណាក៏ត្រូវឱ្យជាងឆែកមើលសិនដែរ ក្រែង​លោ​វាមាន​បញ្ហាអី្វផ្សេងទៀត៕

ប្រភព៖sabay

Most Popular

To Top