ព័ត៌មានអន្តរជាតិ

សេតវិមាន ​អនុញ្ញាត​ឱ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប ​ហ្វឹកហាត់​អ្នក​បើក​យន្តហោះ​អ៊ុយក្រែន ​លើការបើក​យន្តហោះចម្បាំងធុន F-16

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យដៃគូអឺរ៉ុប របស់ខ្លួន ចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ឲ្យមានសមត្ថភាពហោះហើរយន្តហោះចម្បាំងធុន F-16 ហើយនឹងផ្តល់ឧបករណ៍ចាំបាច់ សម្រាប់គោលបំណងនោះ។

កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា បណ្តាប្រទេសនៅអឺរ៉ុប នៅតែរង់ចាំការយល់ព្រមពីសហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមហ្វឹកហ្វឺនអ៊ុយក្រែន លើយន្តហោះ F-16 ដែលផលិតដោយអាមេរិក។

លោកបានលើកឡើងថា “ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបើកភ្លើងខៀវ ហើយយើងនឹងអនុញ្ញាត គាំទ្រ សម្រួល ហើយតាមពិតផ្តល់ឧបករណ៍ចាំបាច់ សម្រាប់ប្រជាជនអ៊ុយក្រែន ដើម្បីចាប់ផ្តើមហ្វឹកហាត់លើយន្តហោះចម្បាំង F-16 ភ្លាមៗនៅពេលដែលអឺរ៉ុប ត្រូវបានរៀបចំ”។

លោក Sullivan បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន នឹងបំពេញតាម “ពេលវេលាណាមួយដែលដៃគូអឺរ៉ុប របស់យើងត្រូវការ” ដើម្បីជួយកម្មវិធីបណ្តុះបណ្តាលអ្នកបើកយន្តហោះដំណើរការ។
សម្ព័ន្ធនៃបណ្តាប្រទេសអឺរ៉ុបចំនួន ១១ រួមទាំងដាណឺម៉ាក និងហូឡង់ បានព្រមព្រៀងគ្នាជាផ្លូវការ នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងវីលនីញូស ប្រទេសលីទុយអានី ដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ឱ្យហោះហើរយន្តហោះចម្បាំង F-16 ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top