ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងកាលពីថ្ងៃពុធថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល BRICS នាពេលខាងមុខនេះតាមរយៈតំណភ្ជាប់វីដេអូ ។
លោក Peskov បានលើកឡើងថា “លោកប្រធានាធិបតី ពូទីន បានសម្រេចចិត្តចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS នៅក្នុងទម្រង់នៃការហៅទូរស័ព្ទជាវីដេអូ” ដោយបន្ថែមទៀតថា មេដឹកនាំរុស្ស៊ី មានបំណងចូលរួមយ៉ាងពេញលេញនៅក្នុងព្រឹត្តិការណ៍មួយនេះ ។
លោក Peskov បានលើកឡើងទៀតថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងចូលរួមកិច្ចប្រជុំកំពូលដោយផ្ទាល់ ។
នៅកិច្ចប្រជុំកំពូល BRICS លើកទី១៥នឹងប្រព្រឹត្តទៅនៅទីក្រុង Johannesburg ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ដោយលើកយកនូវប្រធានបទ “BRICS និងអាហ្វ្រិក ក្នុងភាពជាដៃគូសម្រាប់ការរីកចម្រើនរវាងគ្នាទៅវិញទៅមក ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពហុភាគីនិយមបូករួមបញ្ចូលគ្នា” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា