កីឡា

ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ត្រៀមចាប់ផ្តើមហើយ

ភ្នំពេញ៖លោក ឈុន ចាន់ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាង លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡា អ្នកតំណាងសហព័ន្ធជាតិទំាង ១២ និងមន្ទីរអប់រំកាយ និងកីឡាខេត្តទំាង ២៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣បា នអញ្ជើញចូលរួមកិច្ចប្រជុំនាយបេសកកម្មនៃការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣នៅសាលប្រជុំនាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡា។

លោក ហួត សេងទ្រី បានប្រាប់ឲ្យដឹងដថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ លើ១០ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៉េតង់ និងគុនល្បុក្កតោ ស្មើនឹង ៥១វិញ្ញាសា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ២៤៥២នាក់ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

លោកបានបន្តថា ចំណែកការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ លើ ១២ប្រភេទកីឡារួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៉េតង់ គុនល្បុក្កតោ ហែលទឹក និងការ៉ាតេ ស្មើនឹង១០៥វិញ្ញាសា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ៣៥២៣នាក់ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានី ភ្នំពេញ។

លោក ឈុន ចាន់ធូ បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នេះឡើងក្នុងគោលបំណងបំផុសសកម្មភាពអប់រំកាយ និងកីឡាតាមគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ត ហើយជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។

លោកអគ្គនាយករងបានបន្តថា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា។ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ជ្លៀសវៃប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏បានយកចិត្តទុកដាក់រៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធានមនុស្សឲ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។ នាឆ្នាំ២០២៩ ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ទៀតគឺ ការប្រកួតកីឡាយុវជន ទ្វីបអាស៊ី លើកទី៥ ឆ្នាំ២០២៩ (5th Asian Youth Games 2029)៕

Most Popular

To Top