ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវការ​ប្រាក់ ៣៧ ពាន់​លាន​ដុល្លារ​ក្នុង​ហិរញ្ញប្បទាន​ពី​ខាង​ក្រៅ​នៅ​ឆ្នាំ​ក្រោយ ដោយសារការចំណាយច្រើនលើវិស័យការពារជាតិ

ប្រភព ៖ AFP

គៀវ៖ លោក Andriy Pyshnyy ប្រធានធនាគារជាតិនៃប្រទេសអ៊ុយក្រែន (NBU) បានឲ្យដឹងថា អ៊ុយក្រែន នឹងត្រូវការយ៉ាងហោចណាស់ ៣៧ ពាន់លានដុល្លារអាមេរិក នៅក្នុងហិរញ្ញប្បទានខាងក្រៅនៅឆ្នាំក្រោយ ដោយសារតែការចំណាយខ្ពស់លើវិស័យការពារជាតិ។

លោក Pyshnyy ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់ធនាគារថា “ការគាំទ្រអន្តរជាតិ នឹងនៅតែមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុក្នុងប៉ុន្មានឆ្នាំខាងមុខនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រីរូបនេះបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់អ៊ុយក្រែន ដើម្បីបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងដៃគូបរទេសផ្សេងទៀត ដើម្បីទទួលបានជំនួយ។

លោក Pyshnyy បានជូនដំណឹងថា ចាប់តាំងពីដើមឆ្នាំនេះមក អ៊ុយក្រែនបានទទួលជំនួយអន្តរជាតិប្រហែល ២៧ពាន់លានដុល្លារ ដែលអនុញ្ញាតឱ្យវាបង្កើនទុនបម្រុងបរទេសដល់កម្រិតខ្ពស់គ្រប់ពេលវេលារហូតដល់ ៣៩ ពាន់លានដុល្លារនៅចុងខែមិថុនា។

នៅក្នុងនោះដែរលោក Pyshnyy បានបញ្ជាក់ថា នៅចុងឆ្នាំនេះ ជំនួយអន្តរជាតិ សម្រាប់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងឈានដល់ទំហំ ៤២ពាន់លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top