ភ្នំពេញ៖ សហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណ ធ្វើការចម្រាញ់កីឡាករកាយវប្បកម្មឆ្នើម ៥ នាក់ក្នុងចំណោមជិត ២០ នាក់ដើម្បីត្រៀមបញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាកាយវប្បកម្មជើងឯកកមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទី ១៤ នៅប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១២ នាវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានមានប្រសាសន៍ថា នេះជាការប្រមូលផ្តុំកីឡាករកាយវប្បកម្មជិត ២០ មកធ្វើការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាកាយវប្បកម្មកមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទី ១៤ នៅប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១២ នាវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
សហព័ន្ធគ្រោងបញ្ជូនទៅចូលរួមចំនួន ៧ នាក់រួមមានប្រធានគណៈប្រតភិ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ ។
លោកប្រធានបន្តថា យើងដាក់ ៤ វិញ្ញាសាចូលរួមដូចជា វិញ្ញាសាបុរសសាច់ដុំទម្ងន់៧០ គីឡូក្រាម កីឡាករ បាន ចាន់ដារ៉ា និងកីឡាករ ឌីម សក្ខណា វិញ្ញាសាបុរសរាងសង្ហារសាច់ដុំ កម្ពស់រហូតដល់១៦០សម ដោយកីឡាកីឡាករ កែវ រស្មី វិញ្ញាសាបុរសរូបរាងស្អាត កម្ពស់លើ ១៨០សម ដោយកីឡាករ លោក ស្រ៊ិន រាជ្យ និងវិញ្ញាសាបុរសរូបរាងសង្ហារសាច់ដុំ កម្ពស់រហូតដល់ ១៦៧ សម ដោយកីឡាករ ឆឹង ណូរ៉ា អ្នកស្រី Amy’s Ham ជាគ្រូបង្វឹក និងប្រធានគណៈប្រតភិ ចំណែករូបលោកជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ។
សព្វថ្ងៃនេះសហព័ន្ធ មិនទាន់ការឧបត្ថម្ភថវិកាប្រចាំពីក្រសួងអប់រំ យុវជន និងកីឡាឡើយ ចំពោះការហ្វឹកហាត់កីឡាករជាអ្នកចំណាយខ្លួនឯង រីឯចុះឈ្មោះចូលរួមប្រកួត និងសំបុត្រយន្តហោះ សហព័ន្ធជាអ្នករ៉ាប់រងទាំងអស់ជូនកីឡាករ។
ដូច្នេះសហព័ន្ធមានផលពិបាកខ្លាំងណាស់ រាល់ចេញប្រកួតម្តងៗ តាំងនាមជាប្រធានសហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងស្វែងរកថវិកាដើម្បីជូនកីឡាករចេញទៅប្រកួត។
លោក តឹក ប៊ុនវី អាជ្ញាកណ្តាល និងចៅក្រមបានបន្ថែមថា ពេលថ្មីៗនេះកីឡាករកាយវប្បកម្មកម្ពុជា ២ រូបដណ្តើមបានមេដាយប្រាក់ ២ គ្រឿង លើវិញ្ញាសាផ្សេងៗគ្នា គឺកីឡាករ ឆឹង ណូរ៉ា ឈ្នះមេដាយប្រាក់ ១ គ្រឿង និងកីឡាករ តាន់ រ័ត្នថៃ ឈ្នះមេដាយប្រាក់ ១ គ្រឿង ទៀត ។
ការប្រកួតកីឡា កាយវប្បកម្មជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍ លើកទី ១៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូននេស៊ី ៕ ដោយ៖លី ភីលីព