ព័ត៌មានអន្តរជាតិ

ការចំណាយរបស់អាមេរិក ​​នៅ​អ៊ុយក្រែន ត្រឹម​​មួយ​ឆ្នាំ ស្មើនឹងការចំណាយ​នៅ​អាហ្វហ្គានីស្ថាន ​ជាង​១២​ឆ្នាំ

រូបភាពពី៖​ AFP

វ៉ាស៊ីនតោន៖ អគ្គអធិការពិសេស សម្រាប់ការកសាងឡើងវិញអាហ្វហ្គានីស្ថាន ( SIGAR) លោក John Sopko បានឲ្យដឹងថា ចំណាយប្រាក់​របស់អាមេរិក​ក្នុងមួយឆ្នាំលើការគាំទ្រអ៊ុយក្រែន ច្រើនជាងការចំណាយក្នុងអំឡុងយុទ្ធនាការអាហ្វហ្គានីស្ថានជាង ១២ឆ្នាំ ហើយនៅចុងឆ្នាំ២០២៣ ចំនួនជំនួយសរុប សម្រាប់ទីក្រុងគៀវ នឹងលើសពីការផ្តល់មូលនិធិ Marshall Plan ទាំងមូលបន្ទាប់ពីសង្គ្រាមលោកលើកទីពីរទៅទៀត។

មន្ត្រីបានឲ្យដឹងក្នុងអំឡុងពេលការពិភាក្សានិម្មិត ដែលរៀបចំដោយវិទ្យាស្ថាន Quincy សម្រាប់ការទទួលខុសត្រូវរបស់រដ្ឋថា “យើងកំពុងចំណាយប្រាក់កាន់តែច្រើននៅអ៊ុយក្រែន ឥឡូវនេះក្នុងមួយឆ្នាំ ជាងយើងបានចំណាយប្រហែល ១២ ឆ្នាំនៅអាហ្វហ្គានីស្ថាន ហើយនៅចុងឆ្នាំនេះ យើងនឹងចំណាយប្រាក់ច្រើនជាងយើងធ្វើផែនការ Marshall ទាំងមូលបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ​”ទៅទៀត។

លោក Sopko បានបន្ថែមថា សហរដ្ឋអាមេរិកបានចំណាយប្រហែល ៣៧៥ លានដុល្លារក្នុងមួយខែ សម្រាប់ជំនួយសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលរដ្ឋបាលលោក បៃដិន កំពុងចំណាយប្រហែល ២,៥ ពាន់លានដុល្លារក្នុងមួយខែ សម្រាប់ជំនួយសន្តិសុខក្នុងប្រទេសអ៊ុយក្រែន។

សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយជាង ៧៥ ពាន់លានដុល្លារក្នុងប្រភេទផ្សេងៗដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ ផ្នែកសំខាន់ ឬជិត ៥០ ពាន់លានដុល្លារត្រូវបានចំណាយលើអាវុធ និងឧបករណ៍យោធា ដែលពាក់ព័ន្ធ៕​ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top