ព័ត៌មានអន្តរជាតិ

ឥណ្ឌា ទទួលបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប PSLV-C56 និង៦ផ្សេងទៀតទៅកាន់ទីលំហ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបមួយដែលមានឈ្មោះថា PSLV-C56 ដែលផ្ទុកផ្កាយរណប DS-SAR រួមជាមួយនឹងផ្កាយរណបចំនួន៦ផ្សេងទៀត ដោយបាញ់ពីកន្លែងបង្ហោះនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។

ទីភ្នាក់ងារអវកាសបានឲ្យដឹងថា ផ្កាយរណប DS-SAR ត្រូវបានបំផ្ទុះចេញពីកន្លែងបាញ់បង្ហោះដំបូងនៃ Satish Dhawan Space Center (SDSC)-SHAR ដែលមានទីតាំងនៅក្រុង Sriharikota ក្នុងរដ្ឋ Andhra Pradesh ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។

ទីភ្នាក់ងារដដែលនេះបានឲ្យដឹងទៀតថា ផ្កាយរណប DS-SAR ត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូរវាងប្រទេសឥណ្ឌា សិង្ហបុរី និងក្រុមហ៊ុន ST Engineering ដែលជាក្រុមហ៊ុនអាកាសចរណ៍ពហុជាតិ ។

ផ្កាយរណបនេះនឹងត្រូវបានប្រើដើម្បីគាំទ្រតម្រូវការរូបភាពផ្កាយរណបរបស់នាយកដ្ឋានចំណុះឲ្យរដ្ឋាភិបាលសិង្ហបុរី ខណៈដែលក្រុមហ៊ុន ST Engineering នឹងប្រើប្រាស់វាសម្រាប់រូបភាពពហុម៉ូដ និងសេវាកម្មភូមិសាស្ត្រសម្រាប់អតិថិជនពាណិជ្ជកម្មរបស់ខ្លួនផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top