បរទេស៖ មន្ត្រីយោធាអាមេរិក តាមសេចក្តីរាយការណ៍ បានរៀបចំសំណើដាក់ទាហាន ប្រដាប់អាវុធនៅលើកប៉ាល់ ពាណិជ្ជកម្មនៅច្រក សមុទ្រ Hormuz ដើម្បីការពារនាវាពីការរឹបអូស ឬយាយីដោយកងកម្លាំងអ៊ីរ៉ង់ នៅតំបន់ច្រកដឹកប្រេង ដ៏សំខាន់បំផុត របស់ពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក៥នាក់ដែលមិនបញ្ចេញអត្តសញ្ញាណថា គ្មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងលើផែនការនេះ ដែលកំពុងត្រូវបានពិភាក្សា ដោយតំណាងមន្ទីរប៉ង់តាហ្គោន និងសម្ព័ន្ធមិត្តអារ៉ាប់របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ឈូងសមុទ្រពែក្ស នោះទេ។ យ៉ាងណាក៏ដោយ ប្រសិនបើសំណើនេះត្រូវបានអនុម័ត ទាហានអាមេរិកនឹងផ្តល់សន្តិសុខ តែតាមសំណើរបស់ក្រុមហ៊ុនដឹកជញ្ជូន ដែលពាក់ព័ន្ធប៉ុណ្ណោះ។
ដំណើរការ “ស្មុគ្រស្មាញ” នៃការដាក់ពង្រាយកង ទ័ពជើងទឹកអាមេរិក និងកងម៉ារីននៅលើនាវាដឹកប្រេង និងកប៉ាល់ឯកជនផ្សេងទៀត ទំនងជាត្រូវការការយល់ព្រម ពីប្រទេសដែលនាវានេះដាក់ទង់ជាតិ និងប្រទេសដែលម្ចាស់ របស់នាវាបានចុះបញ្ជី។ ហើយដូចដែល AP បានកត់សម្គាល់ គឺថា “ការដាក់ទាហានអាមេរិក នៅលើកប៉ាល់ពាណិជ្ជកម្ម អាចរារាំងអ៊ីរ៉ង់ពីការរឹបអូសនាវា ឬបង្កើនភាពតានតឹងបន្ថែមទៀត” ៕
ប្រែសម្រួលៈ ណៃ តុលា