បរទេស៖ ប្រទេស អ៊ីរ៉ង់ បានសច្ចាសងសឹកទៅលើសហរដ្ឋអាមេរិកវិញ បន្ទាប់ពីមេបញ្ជាការយោធាដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ត្រូវបានមហាអំណាចមួយនេះសម្លាប់ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅឯព្រលានយន្តហោះ Baghdad ប្រទេស អ៊ីរ៉ាក់។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា “ការសងសឹកដ៏ធ្ងន់ធ្ងរកំពុងរង់ចាំ” អ្នក ដែលនៅពីក្រោយការវាយប្រហារសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani ។
ដូច្នេះតើយើងដឹងអ្វីខ្លះអំពីសមត្ថភាពយោធារបស់អ៊ីរ៉ង់? តើកងទ័ពអ៊ីរ៉ង់មានទំហំប៉ុនណា?
យោងតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស គឺបានឱ្យដឹងថា មានបុគ្គលិកអ៊ីរ៉ង់ប្រមាណ ៥២៣.០០០ នាក់ ដែលសកម្មនៅក្នុងតួនាទីយោធាជាច្រើន។ នេះរាប់បញ្ចូលទាំង ៣៥០.០០០ នាក់នៅក្នុងជួរកងទ័ពធម្មតា ហើយយ៉ាងហោចណាស់ ១៥០.០០០ នាក់ នៅក្នុងកងកម្លាំងឆ្មាំបដិវត្តឥស្លាម (IRGC) ។
អ៊ីរ៉ង់មានបុគ្គលិកសេវាកម្មចំនួន ២០.០០០ នាក់បន្ថែមទៀត នៅក្នុងកងកំលាំងជើងទឹករបស់អាយ IRGC។ ក្រុមនេះប្រតិបត្តិការទូកល្បាតប្រដាប់ដោយអាវុធជាច្រើននៅក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលជាទីតាំងនៃការប្រឈមមុខគ្នាជាច្រើនដែលពាក់ព័ន្ធនឹងនាវាដឹកទង់ជាតិបរទេសនៅឆ្នាំ ២០១៩ ។
IRGC ក៏គ្រប់គ្រងអង្គភាព Basij ដែលជាកម្លាំងស្ម័គ្រចិត្តដែលបានជួយបង្ក្រាបការប្រឆាំងផ្ទៃក្នុង។ អង្គភាពនេះអាចប្រមូលសក្តានុពលបុគ្គលិករាប់រយរាប់ពាន់នាក់។
IRGC ត្រូវបានបង្កើតឡើងកាលពី ៤០ ឆ្នាំមុន ដើម្បីការពារប្រព័ន្ធអ៊ីស្លាមនៅអ៊ីរ៉ង់ ហើយបានក្លាយជាកម្លាំងយោធានយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់មួយ នៅក្នុងសិទ្ធិផ្ទាល់ខ្លួន។ ទោះបីជាមានចំនួនកងទ័ពតិចជាងកងទ័ពធម្មតាក៏ដោយ ក៏វាត្រូវបានគេចាត់ទុកថា ជាកម្លាំងយោធាដែលមានសិទ្ធិអំណាចបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់។
កម្លាំងពិសេស Quds ដឹកនាំដោយឧត្តមសេនីយ៍ Soleimani ធ្វើប្រតិបត្តិការសម្ងាត់នៅបរទេស សម្រាប់ IRGC ហើយរាយការណ៍ដោយផ្ទាល់ទៅមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។ កម្លាំងពិសេស Quds នេះ ត្រូវបានគេជឿថា មានប្រហែល 5,000 នាក់។
អង្គភាពនេះត្រូវបានគេដាក់ពង្រាយទៅកាន់ប្រទេសស៊ីរីជាកន្លែងដែលវាបានណែនាំធាតុយោធាស្មោះត្រង់នឹងប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ និងកងជីវពល Shia ដែលកំពុងប្រយុទ្ធជាមួយពួកគេ។ នៅក្នុងប្រទេសអ៊ីរ៉ាក់ កម្លាំងនេះបានគាំទ្រដល់កងកំលាំងប្រដាប់អាវុធដែលគ្រប់គ្រងដោយ Shia ដែលបានជួយក្នុងការកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម។
ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិយាយថា កងកម្លាំង Quds មានតួនាទីធំទូលាយជាងមុនដោយផ្តល់ថវិកាការបណ្តុះបណ្តាលអាវុធនិងឧបករណ៍ដល់អង្គការនានា ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានកំណត់ថា ជាក្រុមភេរវកម្មនៅមជ្ឈឹមបូព៌ា។ ទាំងនេះរួមបញ្ចូលទាំងចលនាពួកហេសបូឡារបស់ប្រទេសលីបង់ និងជីហាតអ៊ីស្លាមប៉ាឡេស្ទីន។
តើអ៊ីរ៉ង់មានមីស៊ីលទេ?
មែនហើយ អ៊ីរ៉ង់មាន, ហើយសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់គឺជាផ្នែកសំខាន់នៃសមត្ថភាពយោធារបស់ខ្លួនដោយសារតែកង្វះថាមពលអាកាសរបស់ខ្លួន បើប្រៀបធៀបជាមួយគូប្រជែងដូចជាអ៊ីស្រាអែល និងអារ៉ាប់ប៊ីសាអូឌីត។
របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកពិពណ៌នាអំពីកងកម្លាំងមីស៊ីលរបស់ប្រទេសនេះ ដែលធំជាងគេនៅមជ្ឈឹមបូព៌ាដែលរួមមានមីស៊ីលរយៈចម្ងាយជិត និងមធ្យម។ អាមេរិកក៏និយាយផងដែរថា អ៊ីរ៉ង់កំពុងសាកល្បងបច្ចេកវិទ្យាអវកាស ដើម្បីអនុញ្ញាតឱ្យប្រទេសនេះអភិវឌ្ឍមីស៊ីលឆ្លងទ្វីបដែលអាចបាញ់បានឆ្ងាយបន្ថែមទៀត។
ទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនឆ្នាំក៏ដោយ ក៏អ៊ីរ៉ង់នៅតែអាចអភិវឌ្ឍសមត្ថភាពយន្តហោះដ្រូន (យន្តហោះគ្មានមនុស្សបើក) បានដែរ។
នៅក្នុងប្រទេសអ៊ីរ៉ាក់ យន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់តាំងពីឆ្នាំ ២០១៦ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជន IS ។ អ៊ីរ៉ង់ក៏បានចូលដែនអាកាសអ៊ីស្រាអែលជាមួយដ្រូនបំពាក់អាវុធ ដោយប្រតិបត្តិការពីមូលដ្ឋាននៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាម Rusi ។
ជាងនេះទៅទៀត កាលពីខែមិថុនា ឆ្នាំ ២០១៩ អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកដោយអះអាងថា យន្តហោះនេះបានរំលោភដែនអាកាសអ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ៕ ប្រែសម្រួលៈ ណៃ តុលា