ទីក្រុងប៉េកាំង ៖ សេចក្តីព្រាងបទប្បញ្ញត្តិដែលបានចេញ ផ្សាយកាលពីថ្ងៃអង្គារ បាននិយាយថា ក្រុមហ៊ុនដែលប្រើប្រាស់ បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខក្នុង ប្រទេសចិននឹងត្រូវតម្រូវឲ្យទទួលបានការយល់ព្រម ឬការអនុញ្ញាតផ្លូវច្បាប់ មុនពេលប្រមូលព័ត៌មាន ផ្ទាល់ខ្លួន ខណៈការកំណត់ច្បាប់ នឹងមិនអនុវត្តចំពោះស្ថាប័ន មួយចំនួននោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ប្រទេសចិនជាសង្គមមួយ ក្នុងចំណោមសង្គមត្រូវបានឃ្លាំមើលបំផុត នៅលើផែនដីជាមួយនឹងកាមេរ៉ា CCTV រាប់ពាន់គ្រឿង នៅរាយប៉ាយពាសពេញទីក្រុង និងបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅ ក្នុងអ្វីគ្រប់យ៉ាងចាប់ពីការ អនុវត្តច្បាប់ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ការគាបសង្កត់ ផ្នែកនយោបាយ ។
សេចក្តីព្រាងបទប្បញ្ញត្តិចេញ ផ្សាយដោយរដ្ឋបាល តាមអ៊ីនធើណេត របស់ចិនបានព្រមានថា ការប្រើប្រាស់បច្ចេកវិទ្យា ត្រូវតែគោរពតាមច្បាប់ និងបទប្បញ្ញត្តិ គោរពតាមសណ្តាប់ធ្នាប់សាធារណៈ គោរពសីលធម៌សង្គម ទទួលខុសត្រូវសង្គម និងបំពេញកាតព្វកិច្ច ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន។
ច្បាប់បាននិយាយថា ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីវិភាគ ជាតិសាសន៍ ឬសាសនា ត្រូវបានហាមឃាត់ ហើយដំណើរការ នៃទិន្នន័យលើផ្ទៃមុខ អាចធ្វើឡើងបាន លុះត្រាតែមានការយល់ព្រមពីបុគ្គលម្នាក់ៗ ឬការអនុញ្ញាតផ្លូវច្បាប់ ជាលាយលក្ខណ៍អក្សរ ។
បទប្បញ្ញត្តិ បាននិយាយថា វាក៏មិនត្រូវប្រើដើម្បី បង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ផលប្រយោជន៍ សាធារណៈ ឬ រំខានដល់សណ្តាប់ ធ្នាប់សង្គមដែរ ។ បច្ចេកវិទ្យាបែបនេះអាចត្រូវបានប្រើប្រាស់ លុះត្រាតែមានគោលបំណងជាក់លាក់ និងភាពចាំបាច់គ្រប់គ្រាន់ ហើយនៅពេលមានវិធានការ ការពារយ៉ាងតឹងរឹងនៃបទប្បញ្ញត្តិ ។
បទប្បញ្ញត្តិនឹងចូលជាធរមាន នៅថ្ងៃទី ៧ ខែកញ្ញា បន្ទាប់ពីរយៈពេលពិគ្រោះយោបល់ជាសាធារណៈ។ក្រុមហ៊ុនសម្គាល់មុខ និងក្រុមហ៊ុនឃ្លាំមើលកំពូល របស់ចិនមួយចំនួនបានប្រឈមនឹង ការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ចំពោះតួនាទីដែលគេចោទប្រកាន់ ក្នុងការគាបសង្កត់៕
ដោយ៖លី ភីលីព