ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធ កីឡាតេក្វាន់ដូ បានទទួលជួបសម្តែងការគួរសម និងបំពាក់គ្រឿងឥស្សរិយយស ជូនលោក Lee Dong Sup ប្រធានស្ថាប័ន Kukkiwon “World Taekwondo Headquarter” ចំពោះការចូលរួមលើក កម្ពស់វិស័យតេក្វាន់ដូនៅកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េ និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូ នៅទីស្តីការក្រសួង ។

នាឱកាសនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់ លោកប្រធានស្ថាប័ន Kukkiwon លោក Lee Dong Sup និង លោកស្រី ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលចំពោះការជួយគាំទ្រពីសំណាក់ស្ថាប័ន Kukkiwon ដែលជា World Taekwondo Headquarter ក្នុងការបង្កើតការិយាល័យនៅទីក្រុងភ្នំពេញ និងគាំទ្រ ដល់ការពង្រីកថ្នាក់តេក្វាន់ដូនៅកម្ពុជា ដោយគូសបញ្ជាក់ថា កីឡាតេក្វាន់ដូកំពុងទទួលបានការចាប់អារម្មណ៍ និងកាន់តែពេញនិយមខ្លាំង ពីសំណាក់យុវជនកម្ពុជា។

ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ចំពោះការចូលរួមឧបត្តម្ភគាំទ្រ ដល់វិស័យកីឡាតេក្វាន់ដូ នៅកម្ពុជា ជាច្រើនឆ្នាំមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនចំពោះ លោក LEE DONG SUP ប្រធានស្ថាប័ន Kukkiwon ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមកោតសរសើរ និងថ្លែងអំណរគុណ ដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបណ្ឌិតសភាតៃក្វាន់ដូកម្ពុជា ជាពិសេសដល់ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យកីឡាតេក្វាន់ដូ នៅកម្ពុជាឲ្យរីកចម្រើនឡើងជាបន្តបន្ទាប់៕






