ភ្នំពេញ ៖ព្រឹត្តិការណ៍ការ ប្រកួតកីឡាកុមារអូឡាំពិក លើកទី២ (The 2nd Cambodia Baby Olympics) នៅកម្ពុជា នឹងរៀបចំឡើង ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី១៦ និងថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៧ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិកលើ ១០ ប្រភេទកីឡា ដោយទទួលការចុះឈ្មោះចូលរួមប្រកួតត្រឹម ៥៥០ នាក់តែប៉ុណ្ណោះ។

នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានរៀបចំការប្រកួត និងលោក ស្រីម រដ្ឋា នាយកផលិផលនៃគ្រឹះស្ថានមីកូហិរញ្ញវត្ថុ អម្រឹក និងលោកស្រី Abby ប្រធាននាយកដ្ឋានទីផ្សារ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមពិធីសន្និសីទ សារព័ត៌មានស្តីពីព្រឹត្តិការណ៍ ការប្រកួតកីឡាកុមារអូឡាំពិក លើកទី២ (The 2nd Cambodia Baby Olympics) នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកុមារអូឡាំពិកនេះ ដើម្បីបំផុស្មារតីកុមារ ដែលមានចំណង់ចំណូលកីឡាស្រប តាមពាក្យស្លោក«ពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទ» និងបង្ហាញពីទេពកោសល្យរបស់ខ្លួន ដែលអាចក្លាយជាកីឡាករ កីឡាការិនីអាជីពនាពេលអនាគត។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាកុមារអូឡាំពិកនេះ មិនមែនជាការប្រកួតប្រជែង តាមកម្រិតបច្ចេកទេស ឬស្វែងរកគុណភាពឈ្នះចាញ់ឡើយ ។ ការប្រកួតនេះធ្វើដើម្បីឲ្យកុមារា កុមារីបានយល់ ស្គាល់ពីកីឡា និងលេងកីឡាតាមចំណង់ចំណូលចិត្តរបស់ខ្លួនដែលអាចបំផុស ស្មារតីឲ្យពួកគាត់ចូលចិត្ត និងស្រឡាញ់កីឡា។ ការធ្វើបែបនេះយូរៗ ទៅពួកគាត់នឹងកាន់តែស្រឡាញ់ កាន់តែចូលចិត្តតាមប្រភេទកីឡាណាមួយ ហើយបើកផ្លូវឲ្យពួកគាត់អភិវឌ្ឍទៅថ្ងៃអនាគត។ មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតបែបនេះផ្តល់ឱកាសឲ្យពួកគាត់អភិវឌ្ឍរាងកាយរឹងមាំ ស្មារតី និងសាមគ្គីភាពក្នុងការជួយគ្នាទៅវិញទៅមក។

លោកស្រី Abby ប្រធាននាយកដ្ឋានទីផ្សារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា សម្រាប់ការរៀបចំកីឡាកុមារអូឡាំពិកលើក ២ នេះ មានកីឡា ១០ ប្រភេទ ដែលមានកុមារា កុមារី ចាប់ពីអាយុ ១ ឆ្នាំង រហូតដល់អាយុ ១០ ឆ្នាំ ចូលរួមប្រកួត ការចុះឈ្មោះចូលរួមប្រកួតត្រឹម ៥៥០ នាក់តែប៉ុណ្ណោះ ។ កីឡាទំាង ១០ ប្រភេទកីឡា រួមមានកីឡាវារ កីឡារត់ប្រណាំង កីឡាបាល់ទាត់ កីឡាប្រណាំងកង់ដោល កីឡាវាយសី កីឡាតេក្វាន់ដូWT កីឡាបាល់បោះ កីឡាវាយកូនហ្គោល កីឡា ផិក្ដូប៊ល និងកីឡាហែលទឹក។

លោកប្រធាននាយកដ្ឋានទីផ្សារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា កុមារា កុមារី ចាប់ពីអាយុ ១ ឆ្នាំង រហូតដល់អាយុ ២ ឆ្នាំ អាចចូលរួមលេងកីឡាវារ និងកីឡារត់ប្រណាំង ។ កុមារា កុមារី ចាប់ពីអាយុ ៣ ឆ្នាំង រហូតដល់អាយុ ៤ ឆ្នាំ អាចចូលរួមលេងកីឡាបាល់ទាត់ និងកីឡាប្រណាំងកង់ដោល ។ កុមារា កុមារី ចាប់ពីអាយុ ៥ ឆ្នាំង រហូតដល់អាយុ ៧ ឆ្នាំ អាចចូលរួមលេងកីឡាវាយសី កីឡាតេក្វាន់ដូ WT និងកីឡាបាល់បោះ និងកុមារា កុមារី ចាប់ពីអាយុ ៨ ឆ្នាំង រហូតដល់អាយុ ១០ ឆ្នាំ អាចចូលរួមលេងកីឡាវាយកូនហ្គោល កីឡាផិក្ដូប៊ល និងកីឡាហែលទឹក ៕



