ស៊ូរិច ៖ លោក Gianni Infantino កំពុងប្រឈមមុខ នឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដើម្បីការពារតំណែង ប្រធានសហព័ន្ធកីឡា បាល់ទាត់អន្តរជាតិ (FIFA) របស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា FIFA ដ៏តានតឹងមួយនៅទីក្រុង Zurich បានចោទប្រកាន់មន្ត្រីសញ្ជាតិស្វីស-អ៊ីតាលីរូបនេះថា «មិនស័ក្តិសមនឹងកាន់តំណែង»។ ទោះបីជាលោកបានចេញមុខ សុំទោសចំពោះគម្រោងវិនិយោគសម្ងាត់ដ៏ចម្រូងចម្រាសក៏ដោយ ក៏បុរសវ័យ ៥៦ឆ្នាំរូបនេះ នៅតែមិនទាន់ផ្តល់នូវតម្លាភាព តាមការទាមទាររបស់សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាលនៅឡើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ។
នៅក្នុងកិច្ចប្រជុំដ៏តានតឹង រយៈពេល ៣ម៉ោងកន្លះ កាលពីថ្ងៃព្រហស្បតិ៍ លោក Infantino បានព្យាយាមដោះស្រាយ ផលវិបាកដែលកើតចេញពីសំណើ «FIFA Forward Enterprise (FFE)» ដែលទើបត្រូវបានលុបចោល។ គម្រោងសម្ងាត់នេះ ត្រូវបានរៀបចំឡើងក្នុងបំណងផ្ទេរសិទ្ធិពាណិជ្ជកម្មសំខាន់ៗមួយផ្នែកធំរបស់ FIFA ទៅឱ្យក្រុមវិនិយោគិនឯកជន ប៉ុន្តែត្រូវបានបោះបង់ចោលវិញ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព័ត៌មាននេះ ត្រូវបានបែកធ្លាយជាសាធារណៈ។
ទោះជាយ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះរបស់ប្រធាន FIFA រូបនេះបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈដែលតំណាងមកពីទ្វីបអឺរ៉ុប និងអាមេរិកខាងជើង បានទាមទារឱ្យមានការបើកចំហឯកសារទាំងអស់ ដែលពាក់ព័ន្ធនឹងការចរចាដ៏បរាជ័យនោះ។
លោកស្រី Debbie Hewitt ប្រធានសមាគមបាល់ទាត់អង់គ្លេស (FA) និងជាអនុប្រធាន FIFA ផងដែរនោះ គឺជាអ្នករិះគន់ដ៏លេចធ្លោម្នាក់ ដោយលោកស្រី បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដែលក្រុមប្រឹក្សានៅតែមិនត្រូវ បានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីកិច្ចព្រមព្រៀងនោះដដែល។
នៅក្នុងកិច្ចប្រជុំដែលត្រូវបានពិពណ៌នាថាជាការប្រឈមមុខដាក់គ្នាដោយ «ឥតលាក់លៀម» លោក Infantino បានទទួលស្គាល់កំហុស និងសម្តែងការសោកស្តាយ ដែលលោកមិនបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាភិបាលជាមុន មុនពេលទាក់ទងជាមួយក្រុមហិរញ្ញវត្ថុខាងក្រៅ។ លោកស្រី Hewitt បានកត់សម្គាល់ពីការសុំទោសនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា វានៅមិនទាន់គ្រប់គ្រាន់ក្នុងការស្តារទំនុកចិត្តឡើងវិញនោះទេ ព្រោះការដែលប្រធាន FIFA បដិសេធមិនឆ្លើយតបចំៗ ទៅនឹងសំណួរទាក់ទងនឹងឯកសារ FFE បានបង្កឱ្យមានការសង្ស័យ និងការព្រួយបារម្ភយ៉ាងខ្លាំង លើភាពជាអ្នកដឹកនាំរបស់លោក។
ប្រធានសមាគមបាល់ទាត់អង់គ្លេសរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានការណ៍បានឈានដល់ចំណុចរបត់ដ៏តានតឹងមួយ ហើយប្រសិនបើព័ត៌មាន ចាំបាច់មិនត្រូវបានផ្តល់ឱ្យជាបន្ទាន់ទេនោះ លោក Infantino មិនគួរកាន់កាប់តំណែងកំពូល នៃពិភពបាល់ទាត់នេះតទៅទៀតឡើយ។ លោកស្រីបានប្រាប់ BBC Sport ថា៖ «ខ្ញុំគិតថា គាត់ត្រូវតែឆ្លើយសំណួរ ទាំងនោះ ហើយប្រសិនបើគាត់មិនឆ្លើយសំណួរទាំងនោះនៅពេលនេះទេ គាត់មិនស័ក្តិសមធ្វើជាប្រធាន FIFA ឡើយ»។
ប្រែសម្រួល៖ គីរី
