បរទេស៖ គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Luciano Spalletti បានព្រមានកូនក្រុមរបស់ខ្លួនថា ពួកគេចាំបាច់ត្រូវតែពង្រឹងស្តង់ដារលេងរបស់ខ្លួនឱ្យបានល្អជាងនេះ ទោះបីជាពួកគេទើបតែទទួលបានជ័យជម្នះ ២-១ ទាំងប្រផិតប្រផើយទៅលើក្រុម Celta Vigo ក្នុងព្រឹត្តិការណ៍ Europa League ក៏ដោយ។ ថ្វីត្បិតតែលោកបានសរសើរ ពីឆន្ទៈចង់ឈ្នះរបស់ក្រុម ប៉ុន្តែអ្នកចាត់ការទូទៅរូបនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីកំហុសបច្ចេកទេសជាច្រើន ដែលបានកើតឡើងក្នុងអំឡុងពេលប្រកួត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOALថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។
ទោះបីជាបានឃើញខ្សែប្រយុទ្ធ Randal Kolo Muani ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទីទី៩២ ដើម្បីយកឈ្នះ Celta Vigo យ៉ាងណាក្តី លោក Spalletti បានផ្តល់ការវាយតម្លៃដោយស្មោះត្រង់ចំពោះទម្រង់លេងរបស់ក្រុម។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ យល់ថា ក្រុម Bianconeri (Juventus) លេងមិនទាន់អស់ពីសមត្ថភាពពិតប្រាកដរបស់ខ្លួននោះទេ នៅឯកីឡដ្ឋានក្នុងតំបន់ Galicia ។
មុនមានការស៊ុតបញ្ចូលទីនៅនាទីបន្ថែម កីឡាករ Nick Woltemade បានស៊ុតតាមស្មើឱ្យ Juventus បន្ទាប់ពីកីឡាករ Hugo Alvarez រកបានគ្រាប់បាល់នាំមុខឱ្យ Celta Vigo ក្នុងតង់ទីមួយ។ ទោះជាយ៉ាងណា លោក Spalletti បានសង្កត់ធ្ងន់ថា លទ្ធផលជ័យជម្នះនេះ បានលាក់បាំងនូវចំណុចខ្វះខាតផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេសយ៉ាងច្រើនរបស់ក្រុម។
លោក Spalletti មិនបានលាក់បាំងការខកចិត្តឡើយ ពេលវាយតម្លៃទម្រង់លេងរបស់ Juventus ដោយលោកបានចង្អុលបង្ហាញថា កូនក្រុមខ្វះភាពមុតស្រួចក្នុងការគ្រប់គ្រងបាល់។
លោកបានប្រាប់ឱ្យដឹងថា៖ “នៅក្នុងតង់ទីមួយ យើងមានភាពយឺតយ៉ាវបន្តិចចំពោះរាល់អ្វីដែលយើងបានធ្វើ។ យើងបានទុកពេលវេលាច្រើនពេកឱ្យពួកគេរៀបចំទម្រង់លេង។ ជារួម យើងបង្ហាញទម្រង់លេងដែលទាបជាងសមត្ថភាពរបស់យើង។ យើងត្រូវតែបង្កើនកម្រិតលេងឱ្យល្អជាងអ្វីដែលយើងបានបង្ហាញនៅថ្ងៃនេះ។ លទ្ធផល មិនមែនតែងតែឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការប្រកួតទាំងមូលនោះទេ។”
លោកបានបន្ថែមថា៖ “ខ្ញុំគិតថាយើងបានធ្វើឱ្យប្រសើរឡើងនូវចំណុចជាច្រើនក្នុងតង់ទីពីរ ប៉ុន្តែយើងនៅតែបង្កើតកំហុសបច្ចេកទេស និងមានសកម្មភាពស្ទាក់ស្ទើរច្រើនពេកដដែល។”
ទោះបីជាមានការព្រួយបារម្ភផ្នែកយុទ្ធសាស្ត្រក៏ដោយ លោក Spalletti បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កូនក្រុម ដែលបន្តវាយសម្រុកស្វែងរកគ្រាប់បាល់រហូតដល់ផ្លុំកញ្ចែបញ្ចប់ការប្រកួត។
លោកបានកត់សម្គាល់ថា៖ “ខ្ញុំក៏បានឃើញរឿងវិជ្ជមានមួយចំនួនផងដែរ ដូចជាការតាំងចិត្តក្នុងការស្វែងរកគ្រាប់បាល់។ រាល់ពេលដែលយើងមានបាល់ យើងបន្តវាយសម្រុករហូតដល់វិនាទីចុងក្រោយ។ ទីបំផុត យើងទទួលបានរង្វាន់សក្តិសម ទាំងសម្រាប់ការផ្លាស់ប្តូរកីឡាករ និងស្មារតីរបស់ក្រុមនៅលើទីលាន។ ខ្ញុំបានឃើញពីឆន្ទៈដែលមិនព្រមស្កប់ស្កល់ត្រឹមលទ្ធផលស្មើ ប៉ុន្តែជាការតាំងចិត្តចេញទៅដើម្បីដណ្តើមជ័យជម្នះ។”
សម្រាប់ការប្រកួតក្របខណ្ឌ Europa League ជុំទី៣ បន្ទាប់ Juventus នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម Rennes ក្នុងគោលដៅបន្តកំណត់ត្រាឈ្នះរបស់ខ្លួន ខណៈដែលក្រុម Celta Vigo នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុម Celtic សម្រាប់ការប្រកួតជើងបន្ទាប់ ដើម្បីស្តារស្ថានការណ៍ឡើងវិញ៕
ប្រែសម្រួល៖ គីរី
