កីឡា

Vinicius Jr រងការស្រែកប្រមាថ ដ៏ចម្លែកពីអ្នកគាំទ្រ Real Sociedad ទោះបីជាគ្មានវត្តមានក្នុងការប្រកួត

ម៉ាឌ្រីដ៖ ស្ថាប័នគ្រប់គ្រងលីគកំពូលអេស្ប៉ាញ ឡាលីហ្កា (La Liga) បានចេញមុខថ្កោលទោសជាផ្លូវការ ចំពោះសកម្មភាពស្រែកប្រមាថជាបន្តបន្ទាប់ សំដៅទៅលើខ្សែប្រយុទ្ធ Vinicius Junior និងក្លិបអធិរាជស Real Madrid កាលពីចុងសប្តាហ៍កន្លងទៅ។ អ្វីដែលជារឿងដ៏ចម្លែក និងហួសចិត្តបំផុតនោះគឺ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានក្រុមអ្នកគាំទ្រ របស់ក្លិប Real Sociedad ស្រែកជេរប្រមាថ នៅក្នុងការប្រកួតមួយដែលរូប គេមិនបានទាំងមានវត្តមានចូលរួមទាល់តែសោះ ។

​យោងតាមការចុះផ្សាយរបស់គេហទំព័រ Goal ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមអ្នកគាំទ្រក្លិប Real Sociedad បានស្រែកច្រៀងយ៉ាងព្រមគ្នាជាច្រើនដងថា “Vinicius គឺជាមនុស្សល្ងង់” (Vinicius is an idiot) នៅក្នុងកីឡដ្ឋាន កំឡុងពេលក្រុមរបស់ខ្លួនប្រកួតជាមួយក្រុម Deportivo de A Coruna។ ការវាយប្រហារដោយពាក្យសម្តីដោយគ្មានមូលហេតុនេះ គឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ព្រោះតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ មិនបាននៅលើទីលាន ឬនៅក្បែរកីឡដ្ឋាននោះឡើយកំឡុងពេលប្រកួតខាងលើ។

​ស្ថាប័ន La Liga បានកត់ត្រាទុកនូវព្រឹត្តិការណ៍នេះជាផ្លូវការ និងបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពបែបនេះនឹងមិនអាចគេចផុតពីការដាក់ទណ្ឌកម្មឡើយ។ ចំណាត់ការក្តៅគគុកនេះ គឺជាផ្នែកមួយនៃយុទ្ធនាការដ៏ធំរបស់លីគ ក្នុងការខិតខំកែលម្អអាកប្បកិរិយារបស់អ្នកគាំទ្រ និងលុបបំបាត់ការប្រើប្រាស់ពាក្យសម្តីប្រមាថផ្សេងៗ ដើម្បីសម្អាតបរិយាកាសទូទៅនៅក្នុងវិស័យបាល់ទាត់អេស្ប៉ាញឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។

​ការប្រើប្រាស់ពាក្យសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរនេះ ត្រូវបានគេមើលឃើញថា បានបង្កើតឱ្យមានបរិយាកាសដ៏តានតឹងមួយ មុនពេលជំនួប El Clasico ដ៏ធំឈានចូលមកដល់។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីលីគបានសង្កត់ធ្ងន់ និងបញ្ជាក់ជាថ្មីម្តងទៀតថា អាកប្បកិរិយាឈ្លានពាន និងខ្វះក្រមសីលធម៌បែបនេះ គឺមិនត្រូវបានអនុញ្ញាតឱ្យមានជាដាច់ខាតនៅក្នុងកីឡដ្ឋានបាល់ទាត់សម័យទំនើប។

ប្រែសម្រួល៖ គីរី

Most Popular

To Top