ក្រុមហ៊ុន GM (General Motors) មានមហិច្ឆតាយ៉ាងខ្ពស់លើការផលិតរថយន្តអគ្គិសនីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេសកាលពីពេលថ្មីៗនេះ GM ទើបតែបានបញ្ចេញរថយន្តអគ្គិសនីថ្មីគឺ Cadillac Escalade IQ 2025 ដែលសាកពេញម្តងអាចបើកបានដល់ចម្ងាយជាង ៧០០គីឡូម៉ែត្រឯណោះ។
យ៉ាងណាមិញ ប្រធានហិរញវត្ថុរបស់ GM លោក Paul Jacobson បាននិយាយក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី៩ ខែសីហាថា ការផលិតរថយន្តអគ្គិសនីបានប្រឈមមុខនឹងឧបសគ្គជាច្រើន ដែលមិនអាចសម្រេចការផលិតតាមគោលដៅកំណត់។ ក្នុងនោះផលិតកម្មត្រូវបានរងឥទ្ធិពលដោយកង្វះខាតអាគុយ និងបញ្ហាផ្គត់ផ្គង់។
លោកបញ្ជាក់ឱ្យដឹងថា GM បានផលិតរថយន្ត Lyriq SUV ជាង ១ពាន់គ្រឿងកាលពីខែកក្កដា ដែលជាចំនួនទាបជាងការរំពឹងទុក។ កាលពីឆ្នាំមុន ក្រុមហ៊ុនមានគោលដៅផលិតរថយន្តម៉ូឌែលនេះ ឱ្យបានដល់ ២ម៉ឺន ៥ពាន់គ្រឿង តែសម្រេចបានត្រឹមជាង ៨ពាន់គ្រឿងប៉ុណ្ណោះ។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ GM បានផ្តើមពង្រីករោងចក្រផលិតអាគុយរបស់ខ្លួននាពេលខាងមុខ។ មកដល់ពេលនេះ GM មានរោងចក្រផលិតអាគុយចំនួន៣កន្លែងនៅសហរដ្ឋអាមេរិក ដោយចូលរួមគ្នាជាមួយក្រុមហ៊ុន LG Energy Solution។ ប៉ុន្តែមានតែ១កន្លែងប៉ុណ្ណោះ ដែលស្ថិតនៅរដ្ឋ Ohio បាននឹងកំពុងផលិត ខណៈរោងចក្រ២ទៀតនៅ Tennessee និង Michigan រំពឹងថានឹងដំណើរការនៅឆ្នាំក្រោយ៕